(កៀវ)៖ មេដឹកនាំអ៊ុយក្រែនលោក ហ្សេឡិនស្គី បានធ្វើទស្សនកិច្ចស្ងាត់ៗ ដើម្បីលើកទឹកចិត្តស្មារតី ទាហានកំពុងប្រយុទ្ធនៅក្នុង សមរភូមិដូណេតស៍។ នៅទីនោះ ឧត្តមសេនីយ៍យោធាម្នាក់ត្រូវ បានលោក ហ្សេឡិនស្គី ដកតំណែងចោលពីមេបញ្ជាការដឹកនាំ ការប្រយុទ្ធដោយសារតែមាន ការចោទថាបានធ្វើឱ្យទាហាន ក្រោមបង្គាប់ស្លាប់អស់ជាច្រើន។

អ៊ុយក្រែនកំពុងស្ថិតក្នុងស្ថានការណ៍រៀបចំខ្លួនសាជាថ្មី ឡើងវិញដើម្បីបើកយុទ្ធនាការវាយ ប្រហាររុស្ស៊ីដណ្តើមយកទឹកដីវិញ។ បើទំនាស់រវាងមេបញ្ជាការ និងកងទ័ពត្រូវគេឃើញ តែងកើតមានជាញឹកញាប់ តើអ៊ុយក្រែននឹងត្រូវដោះស្រាយបញ្ហានេះ ដោយរបៀបណា?

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានធ្វើទស្សនកិច្ចមួយស្ងាត់ៗ ទៅកាន់ ខេត្ត Donetsk ភាគខាងកើតអ៊ុយក្រែន ដើម្បីពង្រឹងទឹកចិត្តប្រយុទ្ធ របស់កងទ័ពក្នុងរង្វង់ ពេលការវាយលុកដ៏ខ្លាំងក្លារបស់រុស្ស៊ី កំពុងកើតមាននៅទីនោះ។ ដំណើររបស់ Zelenskiy នៅក្នុងក្រុង Pokrovsk បានធ្វើជាមួយ ឧត្តមសេនីយ៍ឯក Andriy Hnatov ដែលទើបត្រូវបានតែងតាំងជាមេបញ្ជាការថ្មី ដែលទទួលខុសត្រូវលើការប្រយុទ្ធនៅ ក្នុងខេត្តដូណេតស៍។

ខេត្តដូណេតស៍ គឺជាខេត្តមួយដែលការប្រយុទ្ធ កំពុងតែស្ថិតក្នុងដំណាក់កាលស៊ីសាច់ហុត ឈាមដោយរុស្ស៊ីកំពុងបង្កើនការវាយ សម្រុកដើម្បីគ្រប់គ្រងយកទឹកដី ក្នុងខេត្តនេះទាំងស្រុង ក្រោយការប្រកាសកាត់យកខេត្តភាគខាងកើតមួយនេះ ជាមួយនឹងបណ្តាខេត្តបី ដទៃទៀត។ ខេត្តបីដទៃទៀតដែលរុស្ស៊ី បានប្រកាសជាខេត្តរណប គឺខេត្តលូហានស៍, ខេត្តហ្សាប៉ូរីហ្សៀ និងខេត្តខឺសឹន។

តំបន់មួយចំនួននៃខេត្តដូណេតស៍ ទោះជាយ៉ាងណាក៏ដោយនៅ មិនទាន់បានក្លាយជាទឹកដី ដែលរុស្ស៊ីបានកាន់កាប់អស់ទាំងស្រុងឡើយ ខណៈអ៊ុយក្រែន ដែលកំពុងបន្តកាន់កាប់ចំណែក ទឹកដីភាគតិច បាន បង្កើនការវាយប្រហាររបស់ខ្លួនតបទៅវិញដើម្បីដណ្តើមយកទឹកដីដែល រុស្ស៊ីបានចូលគ្រប់គ្រង ក្រោយសង្គ្រាមផ្ទុះនៅថ្ងៃទី២៤កុម្ភៈឆ្នាំ២០២២។

**** អ៊ុយក្រែនបានផ្លាស់ប្តូរមេបញ្ជាការថ្មីនៅ Donetsk

ឧត្តមសេនីយ៍ឯក Andriy Hnatov ទើបត្រូវបានជំនួសតំណែងឧត្តមសេនីយ៍ឯក Yuriy Sodol នាវេលាថ្មីៗនេះ ក្រោយមានការចោទប្រកាន់ជាសាធារណៈថា ឧត្តមសេនីយ៍ឯកអ៊ុយក្រែន Yuriy Sodol ម្នាក់នោះ បានធ្វើឱ្យកម្លាំងទាហាន រងគ្រោះថ្នាក់យ៉ាងខ្លាំងក្លា និងក៏មានការចោទ ទៀតថាឧត្តមសេនីយ៍អ៊ុយក្រែននោះទៀត គឺជាមេទ័ពដែលគ្មានសមត្ថភាព។

លោក ហ្សេឡិនស្គី ទើបបានប្រកាសការផ្លាស់ប្តូរនេះ កាលពីយប់ថ្ងៃចន្ទទី២៤មិថុនាកន្លងមក នេះ ដោយមិនមាន ការធ្វើអត្ថាធិប្បាយពន្យល់ នូវមូលហេតុអ្វីដែលនាំឱ្យមានការដកមេបញ្ជា ការដែលដាក់ចេញនូវយុទ្ធសាស្ត្រ និងការបញ្ជាប្រយុទ្ធនៅក្នុង ខេត្តដូណេតស៍នោះឡើយ។

ឧត្តមសេនីយ៍ឯក Yuriy Sodol ទើបត្រូវបានតម្លើងឋានៈខ្ពស់ជា មេបញ្ជាការបញ្ជាកងកម្លាំងរួម Joint Force ទាំងកម្លាំងជើងគោក, ជើងទឹកនិងជើងអាកាស ប្រមាណពី៤ខែមុនមកនេះបន្ទាប់ ពីលោកឧត្តមសេនីយ៍ Oleksandr Syrsky ត្រូវបានតែងតាំងជា អគ្គមេបញ្ជាការកងទ័ព។

សេចក្តីរាយការណ៍បានបង្ហាញថា នៅប៉ុន្មានម៉ោងមុនការដកមេបញ្ជាការកងកម្លាំងរួមនោះ គឺ មានប្រធានសេនាធិការកងពលAzov លោកវរសេនីយ៍ទោ Bohdan Krotevytch ដែលបាន ដាក់ពាក្យប្តឹងទៅការិយាល័យស៊ើបអង្កេតរដ្ឋ State Bureau of Investigation SBI ចោទប្រ កាន់ថាឧត្តមសេនីយ៍ Yuriy Sodol ដែលបញ្ជាការប្រយុទ្ធក្នុងខេត្តដូណេតស៍ បានធ្វើឱ្យទាហាន ក្រោមបង្គាប់របស់ខ្លួនស្លាប់ច្រើន ជាងឧត្តមសេនីយ៍របស់រុស្ស៊ី។

លោក Bohdan Krotevytch បានសរសេរទៀតថា លោកឧត្តមសេនីយ៍ឯក Yuriy Sodol នោះ ទៀត ក៏មិនត្រូវបានគេ ស៊ើបអង្កេតលើ រឿងធ្វើឱ្យបាត់បង់ទឹកដី ក្នុងតំបន់និងទីក្រុង និងការធ្វើឱ្យ បាត់បង់ទាហានអ៊ុយក្រែនជាច្រើនពាន់នាក់នោះឡើយ។ លោក Bohdan Krotevytch បាននិយាយថា ទាហានក្រោមបង្គាប់ បានស្អប់ខ្ពើមឧត្តមសេនីយ៍ Yuriy Sodol នោះយ៉ាងក្រៃលែង។ ពាក្យត្អូញត្អែររបស់លោក Bohdan Krotevytch តាមបណ្តាញសង្គមតេឡេក្រាម មានការចូលមើលចំនួន ៨០ម៉ឺនលើក។ ភាពត្អូញត្អែរទាំងនោះហើយ បាននាំឱ្យមានការផ្លាស់ប្តូរមេដឹកនាំមេបញ្ជាការថ្មី។

ប្រធានសេនាធិការកងពលAzov លោក Bohdan Krotevytch បានសរសេរសម្តែងក្តីរីករាយ ចំពោះការតែងតាំង លោកឧត្តមសេនីយ៍ឯក Andriy Hnatov ជំនួសអតីតមេបញ្ជាការចាស់ ដោយនិយាយថា មេបញ្ជាការថ្មីនោះ គឺជានាយទាហានម្នាក់ ដែលសក្តិសមនឹងទទួលបាន ការដឹកនាំបញ្ជាការប្រយុទ្ធនៅលើ សមរភូមិខេត្តដូណេតស៍។

ចាប់តាំងពីមានសង្គ្រាមឈ្លានពានពេញទំហឹងខែកុម្ភៈ ឆ្នាំ២០២២, ឧត្តមសេនីយ៍ឯក Yuriy Sodol ត្រូវបានចាត់តាំងលើកិច្ចការពារក្រុង Mariupol និងសមរភូមិក្បែរក្រុង Volnovakha របស់អ៊ុយក្រែនភាគខាងកើត ប៉ុន្តែទីតាំងក្រុមទាំង២កន្លែងត្រូវបានរុស្ស៊ី ចូលកាន់កាប់និងគ្រប់ គ្រងបានទាំងអស់។

ឧត្តមសេនីយ៍ឯក Yuriy Sodol ត្រូវបានតម្លើងជាមេបញ្ជាការកងកម្លាំងរួម Joint Force Commander នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពេលដែលលោក Oleksandr Syrskyy ត្រូវបានតែងតាំងជា អគ្គមេបញ្ជាការកងទ័ពរបស់អ៊ុយក្រែន។ សេចក្តីរាយការណ៍ខ្លះ បាននិយាយ សង្ស័យថាការបណ្តេញចេញ ឧត្តមសេនីយ៍ឯក Yuriy Sodol នោះ ទំនងនឹងអាចប៉ះពាល់ដល់ លោក Oleksandr Syrskyy ដោយសារតែមានទាហានខ្លះ មិនចូលចិត្តរូបលោកបន្ទាប់ពីមាន ការបណ្តេញអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន លោកឧត្តមសេនីយ៍ Valery Zaluzhny កាលពីខែកុម្ភៈនោះមក។

មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា តើឧត្តមសេនីយ៍ឯក Yuriy Sodol ដែលធ្លាប់បញ្ជាលើកងកម្លាំងថ្មើរជើង ក្នុងខេត្តទាំងបួនដែល រុស្ស៊ីបានកាត់ជា ទឹកដីរណបនោះ នឹងត្រូវមានភារកិច្ចថ្មីឬ ត្រូវតែងតាំងអ្វីសាជាថ្មីវិញឡើយ។

**** ដំណើរទស្សនកិច្ចលោកហ្សេឡិនស្គីនៅដូណេតស៍ គឺការលើកទឹកចិត្តទាហាន

ក្នុងដំណើរទស្សនកិច្ចដោយស្ងាត់ៗចុះសាកសួរសុខទុក្ខ ទាហានសមរភូមិមុខក្នុងខេត្តដូណេត ស៍នេះ លោក Zelenskiy បើទោះបីមិននិយាយចំៗអំពីមូលហេតុ ដែលមានការដងមេបញ្ជាការ កងពលលោកឧត្តមសេនីយ៍ឯក Yuriy Sodol ក៏ដោយ ប៉ុន្តែលោកបាននិយាយបង្ហាញថា លោកមានភាពតឹងតែងចំពោះមន្ត្រីណា ដែលលោកសង្ស័យថាបានគេចពីតួនាទីរបស់ពួកគេ។

លោកបានប្រាប់ទាហានអ៊ុយក្រែននៅទីនោះទៀតថា នៅពេលដែលបានវិលត្រឡប់ទៅរដ្ឋធានីគៀវវិញ លោកនឹងនិយាយចំពោះ មន្ត្រីណាដែលនឹងត្រូវនៅទីនេះ និងមន្ត្រីដទៃណាដែលត្រូវ ស្ថិតក្នុងតំបន់ក្បែរសមរភូមិ។ លោក ហ្សេឡិនស្គី បានថ្លែងបន្តថាលោក «ភ្ញាក់ផ្អើលណាស់ ក្រោយបានដឹងថា មានមន្ត្រីពាក់ព័ន្ធមួយចំនួន មិនបានមកទីនេះរយៈពេលប្រាំមួយខែ ឬច្រើនជាងនេះ«។ លោកបានថ្លែងប្រាប់ទាហានអ៊ុយក្រែន នៅទីនោះទៀតថា វានឹងមានកិច្ចសន្ទនាដ៏ម៉ឺងម៉ាត់មួយ ហើយខ្ញុំនឹងធ្វើសេចក្តីស្នើដ៏សមរម្យពាក់ព័ន្ធ នឹងពួកគេទាំងឡាយនោះ»

ស្ថានការណ៍ប្រយុទ្ធលើសមរភូមិនៅភាគខាងកើតអ៊ុយក្រែន បានវិវត្តន៍ប្រែប្រួលគួរឱ្យកត់ សម្គាល់។ ក្នុងរង្វង់ឆ្នាំ២០២៣ គ្រាដែលអ៊ុយក្រែន មានកម្លាំងទាហាន ជាមួយនឹងគ្រាប់រំសេវ និងឧបករណ៍យោធាច្រើនគ្រប់គ្រាន់នោះ, អ៊ុយក្រែនបានបើកការវាយលុក Counter Offensive របស់ខ្លួនដើម្បីចង់ដណ្តើមយកទឹកដី មកវិញ។ ប៉ុន្តែប្រតិបត្តិការ នោះមិនបានទទួល ជោគជ័យដូចតាមការ រំពឹងទុកឡើយ។ ក្នុងពេលនោះទៀត គ្រាដែលអ៊ុយក្រែនត្រៀមធ្វើការវាយលុកជាបន្តថែមទៀត ក្នុងរដូវត្រជាក់ ចុងឆ្នាំ២០២៣ បន្ថែមទៀតនោះ ស្រាប់តែស្ថានការណ៍ពិភពលោក បានប្រែប្រួលដោយសារ តែមានការផ្ទុះសង្គ្រាមថ្មីមួយនៅមជ្ឈិមបូព៌ា។ ពិភពលោក បានងាកខ្លាំងទៅកាន់ តំបន់មជ្ឈិមបូព៌ាដោយធ្វើឱ្យអ៊ុយ ក្រែនប្រឈមនឹងការខ្វះ អាវុធគ្រាប់រំសេវ។

រុស្ស៊ីនាពេលនោះ បានចាប់ផ្តើមធ្វើសកម្ម ភាពវាយលុកមកវិញជាមួយការដណ្តើមបានយក ទឹកដីជាច្រើនទៀត។ ក្រុងគន្លឹះ Adiivka នៃខេត្តដូណេតស៍ ដែលអ៊ុយក្រែនរក្សាកាន់កាប់ជាយូរឆ្នាំ ត្រូវបានរុស្ស៊ីវាយចូលកាន់កាប់យក នៅក្នុងខែកុម្ភៈឆ្នាំ២០២៤។ រុស្ស៊ីបានថ្លែងអួតអាងថា កងកម្លាំងរបស់ខ្លួន បានវាយកាន់កាប់ទឹកដីទំហំ ជាង៤០០គីឡូម៉ែត្រក្រឡារបស់អ៊ុយក្រែន ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៤ ដែលនាំឱ្យទំហំដីកាន់កាប់របស់ រុស្ស៊ីពង្រីកមកភាគខាងលិចប្រទេសរបស់ខ្លួន នោះមានទំហំសារុប ១០០ពាន់គីឡូ ម៉ែត្រក្រឡា ដែលស្មើនឹង១ភាគ៥នៃទឹកដីអ៊ុយក្រែនទាំងមួល។

នៅក្នុងខែមេសាឆ្នាំ២០២៤ សហរដ្ឋអាមេរិកបានអនុម័តកញ្ចប់ថវិកា ៦១ពាន់លានដុល្លារ នៃជំនួយយោអាមកឱ្យអ៊ុយក្រែន។ នៅជាមួយគ្នានោះ សហរដ្ឋអាមេរិក និងប្រទេសនៃអង្គការ ណាតូថែមទាំងបើកសិទ្ធិឱ្យអ៊ុយក្រែន អាចប្រើប្រាស់អាវុធជំនួយ ធ្វើការវាយប្រហារដាក់លើ គោលដៅសំខាន់ចាំបាច់ នៅលើទឹកដីរុស្ស៊ី ថែមទៀត។ នៅថ្ងៃទី១៥ និង១៦ មិថុនា ឆ្នាំ២០២៤, អ៊ុយក្រែនក្រោមការជួយជំរុញ នៃក្រុមប្រទេសលោកខាងលិច បានរៀបចំកិច្ចប្រជុំកំពូល ស្តីពីសន្តិភាពអ៊ុយក្រែន ដោយមាន ការចូលរួមពីប្រទេសនិងបណ្តាអង្គការនានា ប្រមាណ៩០ប្រទេស។

បើទោះជាកិច្ចប្រជុំកំពូលនោះ មិនមានការចូលរួមពីប្រទេសសំខាន់ៗ មួយចំនួនដូចជារុស្ស៊ី, ចិននិងប្រេស៊ីល ខណៈប្រទេសចួលរួមដទៃដូច ជាឥណ្ឌា, ឥណ្ឌូណេស៊ី, អាហ្រ្វិកខាងត្បូង, ប្រទេសម៉ិចស៊ីកូ, អារ៉ាប៊ីសាអូឌីត, ប្រទេសអារ៉ាប់ អេមីរ៉ាត, Armenia, Bahrain និងប្រទេស ថៃជាដើមមិនបានចុះហត្ថលេខាលើ ឯកសារប្រឆាំងនឹងរុស្ស៊ីក៏ដោយ ប៉ុន្តែកិច្ចប្រជុំកំពូលនោះ ត្រូវបានអ៊ុយក្រែនចាត់ទុកថា ជាជោគជ័យមួយរបស់ខ្លួន ដែលអាចនាំឱ្យពិភពលោកបានបែរ មុខមករកអ៊ុយក្រែនវិញក្រោយពេលជាច្រើនខែបន្ទាប់ពី ស្ថានការណ៍ធ្ងន់ធ្ងរនៅមជ្ឈិមបូព៌ា បានទាញឱ្យអ៊ុយក្រែនស្ទើរតែឯកោទៅហើយនោះ។

អ៊ុយក្រែនក្នុងពេលដែលទើបបានស្តារមុខមាត់លើផ្នែកការទូតបានមកវិញ ត្រូវគេរាយការណ៍ នូវការរៀបចំជាជំហានដើម្បីការត្រៀម កម្លាំងសាជាថ្មី។ សហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ ទី២៧ មិថុនា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដែលជាកិច្ចព្រមព្រៀង សន្យាថា បន្តផ្តល់ អាវុធ ការបណ្តុះបណ្តាលយោធា និងជំនួយផ្សេងទៀតដល់ទីក្រុង Kyiv សម្រាប់ ច្រើនឆ្នាំខាង មុខនេះ។

កិច្ចព្រមព្រៀងនេះនឹងដាក់ចេញនូវការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការជួយអ៊ុយក្រែន លើវិស័យចំនួន៩នៃគោលនយោបាយការពារ និងសន្តិសុខ ដែលរួមមាន ការផ្តល់អាវុធ, ការ បណ្តុះបណ្តាលយោធា, កិច្ចសហប្រតិបត្តិការលើផ្នែកឧស្សាហកម្មការពារជាតិ និងការដោះ មីន។ ប៉ុន្តែជាមួយនឹងភាពរលូនលើការងារការទូត, អ៊ុយក្រែនត្រូវគេរាយការណ៍ជាញឹកញាប់ អំពីទាហានបាក់ស្មារតីដោយសារ ការរុះរើថ្នាក់ដឹកនាំមន្ត្រីយោធាជាច្រើនដងពេក និងក៏មានការរិះគន់ពីសមាជិកសភា ដល់មន្ត្រីយោធារបស់អ៊ុយក្រែនផងដែឬ។

ក្នុងការតែងតាំងមេបញ្ជាការថ្មីចុងក្រោយនេះ លោកហ្សេឡិនស្គី មិនបានពន្យល់ក្បោះក្បាយ នូវមូលហេតុដែលជាប់ពាក់ព័ន្ធឡើយ ដោយលោកគ្រាន់តែបញ្ជាក់ តាមសារវីដេអូកាលពីថ្ងៃ ពុធថាកាតព្វកិច្ចរបស់លោកឧត្តមសេនីយ៍ Andriy Hnatov គឺមានដូចតទៅនេះ ត្រូវកម្ទេចទាហានរុស្ស៊ី, ជាពិសេសត្រូវការពារជីវិតទាហាន ឱ្យបានច្រើនបំផុតដែលអាចធ្វើទៅបាន។

នៅ ជាមួយគ្នានេះដែរ, សមាជិកសភាអ៊ុយក្រែនលោកស្រី Mariana Bezuhla នៃគណៈកម្មាធិការ ការពារជាតិរបស់សភា បានហៅឧត្តមសេនីយ៍ Yuriy Sodol ដែលត្រូវបានគេបណ្តេញចេញពី តំណែងថាជាឧក្រិដ្ឋជន។ សមាជិកសភាអ៊ុយក្រែនរូបនេះ បានសរសេរចោទឧត្តម សេនីយ៍ Yuriy Sodol នោះតាមប្រព័ន្ធបណ្តាញសង្គម និងសមាជិកសភាអ៊ុយក្រែនរូបនេះ បានអំពាវ នាវឱ្យលោក Oleksandr Syrskyy លាលែងចេញពីតំណែងផងដែរ។

អ៊ុយក្រែនកំពុងស្ថិតក្នុងស្ថានការណ៍រៀបចំខ្លួនសាជាថ្មីឡើងវិញ ដើម្បីបើកយុទ្ធនាការវាយ ប្រហាររុស្ស៊ីដណ្តើមយកទឹកដីវិញ។ ប៉ុន្តែបើទំនាស់រវាងមេបញ្ជាការ និងកងទ័ពត្រូវគេឃើញ តែងកើតមានជាញឹកញាប់ជាមួយនឹងការរិះគន់ពីសមាជិកសភាថែមទៀតនេះ តើអ៊ុយក្រែន នឹងត្រូវដោះស្រាយបញ្ហានេះដោយរបៀបណា៕