(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុងសេអ៊ូល តូក្យូ និងវ៉ាស៉ីនតោន បានរួមគ្នាចាប់ផ្តើមការធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំថ្មីមួយ ស្របពេលសម្ព័ន្ធមិត្តទាំង៣ ព្យាយាមទប់ទល់ការគំរាមកំហែង ដែលកំពុងបន្តកើនឡើង ពីសំណាក់​ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤។

សមយុទ្ធយោធារួមខាងលើ ដែលហៅថា Freedom Edge នឹងផ្តោតទៅលើមីស៉ីលបាលិស្ទីគ និងការការពារដែនអាកាស រួមជាមួយ​យុទ្ធសាស្រ្តប្រឆាំងនាវាមុជទឹក និងការហ្វឹកហ្វឺនការពារខ្លួនតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងចំណោមលំហាត់ផ្សេងៗជាច្រើនទៀត។ កាលពីឆ្នាំមុន មេដឹកនាំនៃប្រទេសទាំង៣ បានបើកកិច្ចប្រជុំកំពូលមួយ ហើយបានឯកភាព ធ្វើសមយុទ្ធយោធារួមគ្នាជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញសាមគ្គីភាព ចំពោះមុខការគំរាមកំហែង នៃអាវុធនុយក្លេអ៊ែរ និងមីស៉ីលរបស់កូរ៉េខាងជើង ក៏ដូចជាការកើនឡើងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់។

សមយុទ្ធយោធា Freedom Edge ដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ មានការចូលរួមពីនាវាផ្ទុកយន្តហោះចម្បាំង USS Theodore Roosevelt របស់សហរដ្ឋអាមេរិក, នាវាចម្បាំងពិឃាដ JS Atago របស់ជប៉ុន និងកងយន្តហោះចម្បាំង KF-16 របស់កូរ៉េខាងត្បូង ក្នុងចំណោមសព្វាវុធដទៃទៀត។ នាវា Theodore Roosevelt បានមកដល់កំពង់ផែក្រុង Busan របស់កូរ៉េខាងត្បូង កាលពីចុងសប្តាហ៍មុន ហើយបានបង្កឱ្យទីក្រុងព្យុងយ៉ាង ក្តៅស្លឹកត្រចៀក។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ដដែលនេះ កូរ៉េខាងជើងទើបតែបានអះអាងថា អំពីភាពជោគជ័យ ក្នុងការធ្វើតេស្តដ៏សំខាន់មួយ ក្នុងកិច្ចប្រឹងប្រែងអភិវឌ្ឍបច្ចេកវិទ្យាមីស៉ីល ដែលអាចបំពាក់ក្បាលគ្រាប់បានច្រើនគ្រាប់។ កន្លងមក ទីក្រុងព្យុងយ៉ាងតែងតាំងចាត់ទុក ការធ្វើសមយុទ្ធយោធារួមគ្នា រវាងអាមេរិកនិងកូរ៉េខាងត្បូង ជាការហាត់សមត្រៀមបើកការឈ្លានពានទៅលើខ្លួន៕