(ប៉េកាំង)៖ ចិនបានផ្តល់មូលនិធិសរុបជាង២.៣ពាន់លានយាន់ ឬស្មើនឹង៣១៦.៤លានដុល្លារអាមេរិក ដើម្បីជួយដល់កិច្ចប្រឹងប្រែងសង្រ្គោះ ការផ្តល់សម្ភារចាំបាច់បន្ទាន់ និងការរៀបចំផែនការ ស្របពេលគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលបង្កឡើងដោយការធ្លាក់ភ្លៀងយ៉ាងជោគជាំអស់រយៈពេលជិត២សប្តាហ៍ បានបង្កការបំផ្លិចបំផ្លាញ នៅតាមផ្នែកមួយចំនួននៃប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤។
នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងហិញ្ញវត្ថុនិងក្រសួងគ្រប់គ្រងគ្រាអាសន្នចិន បានចេញមូលនិធិជំនួយទំហំ៤៩៦លានយាន់ទៀត សម្រាប់ខេត្តដូចជា Zhejiang, Anhui, Fujian, Jiangxi, Hubei, Hunan, Guizhou និង Guangdong ព្រមទាំងតំបន់ Guangxi។ បើតាមការគណនារបស់ Reuters ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ថាប័នរដ្ឋាភិបាលចិន បានផ្តល់ថវិកាសរុបចំនួន២.៣៤៤ពាន់លានយាន់ ទៅកាន់បណ្តាទីក្រុងនិងខេត្តផ្សេងៗ ដើម្បីជួយដល់កិច្ចប្រឹងប្រែងសង្រ្គោះ ការរៀបចំផែនការ ក៏ដូចជាការផ្លាស់ទី អ្នកដែលរងគ្រោះ ដោយសារទឹកជំនន់។
គួរបញ្ជាក់ថា មនុស្សសរុបចំនួនរាប់សិបនាក់ ក៏បានបាត់បង់ជីវិតផងដែរ ដោយសារគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ ខណៈតំបន់ភាគខាងត្បូងប្រទេសចិន បានរងការវាយប្រហារធ្ងន់ជាពិសេស ក្នុងឆ្នាំនេះ។ កាលពីសប្តាហ៍មុន ប្រធានាធិបតចិន លោក ស៉ី ជីនពីង បានអំពាវនាវឱ្យអាជ្ញាធរតាមមូលដ្ឋាន បង្កើនកិច្ចប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីការពារអាយុជីវិតប្រជាជន ស្របពេលគ្រោះទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗទៀត មានការកើនឡើង៕