(ព្រុចសែល)៖ ប្រទេសប៉ូឡូញ លីទុយអានី ឡេតូនី និងអេស្តូនី បានអំពាវនាវកាលពីថ្ងៃពុធសប្តាហ៍នេះ ឱ្យសហភាពអឺរ៉ុប (EU) សាងសង់ខ្សែបន្ទាត់ការពារនៅតាមព្រំដែន របស់ប្លុកជាមួយរុស្ស៉ី និងបេឡារុស ដើម្បីការពារ EU ពីការគំរាមកំហែង ឬសកម្មភាពបង្កគ្រោះថ្នាក់ណាមួយ។​ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងលិខិតដាក់ជូនប្រធានរបស់ប្លុក EU ដើម្បីយកទៅពិភាក្សាគ្នាក្នុងកិច្ចប្រជុំនៅទីក្រុងព្រុចសែល នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ មេដឹកនាំនៃប្រទេសទាំង ៤ខាងលើដែលមាន ព្រំដែនជាប់រុស្ស៉ី បេឡារុស បាននិយាយថា គម្រោងនេះនឹងការពារប្រទេសទាំង ២៧របស់ប្លុក ឬស្មើនឹងប្រជាជន ៤៥០លាននាក់ ប៉ុន្តែក៏ត្រូវការការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីសមាជិកទាំងអស់ផងដែរ។

មេដឹកនាំទាំង ៤ បានគូសបញ្ជាក់ថា «ការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធការពារ តាមព្រំដែនខាងក្រៅជាមួយរុស្ស៉ី បេឡារុស នឹងដោះស្រាយតម្រូវការចាំបាច់បន្ទាន់ ដើម្បី ការពារសហភាពអឺរ៉ុបពីការគំរាមកំហែងផ្នែកយោធា និងការគំរាមកំហែងចម្រុះ។ ការគំរាមកំហែងចម្រុះទាំងនោះ សំដៅទៅលើការរួមបញ្ចូលគ្នានៃយោធា និងមិនមែនយោធា រួមទាំងព័ត៌មានមិនពិត ការវាយប្រហារតាមផ្នែកព័ត៌មានវិទ្យា ការដាក់សម្ពាធផ្នែកសេដ្ឋកិច្ច និងការរុញជនចំណាកស្រុកឱ្យឆ្លងកាត់ព្រំដែន ជាដើម។ យ៉ាងនេះក្តី ទំហំ និងការចំណាយទាមទារឱ្យមានការខិតខំប្រឹងប្រែងក្នុង EU ទាំងមូល សម្រាប់គាំទ្រទាំងផ្នែកនយោបាយ និងហិរញ្ញវត្ថុ»

គួរបញ្ជាក់ថា ក្រុមអ្នកការទូត EU បានប៉ាន់ស្មានថា ការសាងសង់ខ្សែបន្ទាត់ការពារបែបនេះ នៅតាមបណ្តោយព្រំដែនសហភាពអឺរ៉ុបប្រវែង ៧០០គីឡូម៉ែត្រ ជាមួយ ប្រទេសរុស្ស៉ី និងបេឡារុសអាចចំណាយថវិកាប្រហែល ២.៥ពាន់លានអឺរ៉ូ ឬស្មើនឹង ២.៦៧ពាន់លានដុល្លារ៕