(ព្រុចសែល)៖ មេដឹកនាំនៃបណ្តាប្រទេសសហភាពអឺរ៉ុប នឹងឯកភាពគ្នាលើផ្លូវយុទ្ធសាស្ត្រមួយ សម្រាប់សហភាពអឺរ៉ុប (EU) និងសម្រាប់ប្រជាជន ក្នុងផែនការគ្រប់គ្រង ស្ថាប័នរបស់ខ្លួនរយៈពេល ៨ឆ្នាំទៅមុខ ដោយផ្តោតជាពិសេស លើការជួយអ៊ុយក្រែនការពារខ្លួនទប់ទល់នឹងរុស្ស៉ី ក៏ដូចជាការពង្រឹងវិស័យការពារជាតិរបស់សហភាពអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤។
មេដឹកនាំទាំង ២៧ប្រទេស កំពុងចាប់ផ្តើមកិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃ ដោយមាននឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ ជាមួយប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះអ៊ុយក្រែន។ បើតាមសេចក្តីព្រាងនៃកិច្ចប្រជុំ បណ្តាមេដឹកនាំ EU នឹងបញ្ជាក់ជាថ្មីពីការសន្យារបស់ខ្លួន ក្នុងការគាំទ្រអ៊ុយក្រែនឲ្យបាន ដរាបណាទីក្រុងកៀវ នៅតែត្រូវការ ដោយសង្កត់ធ្ងន់ថា «រុស្ស៊ីមិនត្រូវបានអនុញ្ញាតឱ្យឈ្នះសង្រ្គាមទេ» ហើយអ៊ុយក្រែនត្រូវតែយកទឹកដីពីរុស្ស៉ីមកវិញ។ បណ្តាមេដឹកនាំ EU ក៏នឹងស្នើឱ្យស្ថាប័នសហភាពអឺរ៉ុប ធ្វើការលម្អិតទៅលើប្រាក់កម្ចីចំនួន ៥០ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន ដែលនឹងត្រូវយកទៅប្រើចេញពីទ្រព្យសម្បត្តិ រុស្ស៉ី ដែលត្រូវបានបង្កកនៅធនាគារអឺរ៉ុប ជុំវិញសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែនផងដែរ។
គួរបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែន បានធ្វើឱ្យ EU ជួបប្រទះនឹងការខ្វះខាតអាវុធ ខណៈដែលប្លុកនេះ កំពុងតស៊ូផ្គត់ផ្គង់ឱ្យទីក្រុងកៀវនូវអាវុធគ្រប់គ្រាន់ប្រឆាំងរុស្ស៉ី ហើយ ជំរុញឱ្យមានការសម្របសម្រួលថែមទៀតលើប្រព័ន្ធការពារ និងការវិនិយោគឧស្សាហកម្មការពារជាតិ នៅក្នុងសហភាពអឺរ៉ុប៕