(ប៉ារីស)៖ នៅឯវេទិកាសេដ្ឋកិច្ចមួយក្នុងទីក្រុង St. Petersburg កាលពីដើមខែមិថុនាកន្លងទៅ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានគំរាមថារុស្ស៉ីនឹងផ្ដល់អាវុធរយៈចម្ងាយឆ្ងាយ ទៅឱ្យបណ្ដាប្រទេសដែលអាចប្រើប្រាស់អាវុធទាំងនេះវាយប្រហារលើគោលដៅក្នុងទឹកដីលោកខាងលិច។ ការគំរាមបែបនេះរបស់លោក ពូទីន ធ្វើឡើងជាការឆ្លើយតបទៅនឹង បណ្ដាប្រទេសជាសមាជិក NATO ជាពិសេសគឺសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ សម្រាប់ការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើអាវុធដែលពួកគេផ្ដល់ឱ្យវាយប្រហារលើគោលដៅយោធា នៅលើ ទឹកដីរុស្ស៉ី។

នៅឯវេទិកាសេដ្ឋកិច្ចនោះ លោក ពូទីន បានចោទសួរដូច្នេះថា «ប្រសិនបើពួកគេគិតថាវាអាចទៅរួចក្នុងការផ្ដល់អាវុធទាំងអស់នោះ (មីស៊ីលរយៈចម្ងាយឆ្ងាយ) ទៅឱ្យសមរភូមិប្រយុទ្ធមួយ ដើម្បីវាយប្រហារលើទឹកដីរបស់ពួកយើង ហើយបង្កបញ្ហាដល់ពួកយើង ថាតើហេតុអ្វីបានជាយើងមិនមានសិទ្ធិផ្ដល់អាវុធប្រភេទដូចគ្នា ទៅកាន់តំបន់មួយចំនួននៃពិភពលោក ទីដែលអាវុធទាំង នោះនឹងត្រូវបានប្រើវាយប្រហារលើគោលដៅសំខាន់ៗរបស់ពួកគេ (លោកខាងលិច) ដែរទៅ?»។ ប៉ុន្តែបញ្ហាសំខាន់ថាតើលោក ពូទីន អាចធ្វើដូចមាត់គំរាមបានដែរ ឬទេ?

* គំរាមមិនច្បាស់លាស់
ក្រុមមន្ត្រីអាមេរិកបាននិយាយថាការគំរាមរបស់លោក ពូទីន អំពីការបំពាក់អាវុធដល់សត្រូវរបស់លោកខាងលិច ធ្វើឡើងក្នុងពេលដែលទីក្រុងមូស្គូកំពុងព្យាយាមពង្រីកអំណាចកងទ័ពជើងទឹក របស់ខ្លួននៅជុំវិញពិភពលោក ក្នុងនោះរួមមានទាំងការធ្វើសមយុទ្ធយោធាជាមួយប្រទេសគុយបា និងវ៉េណេស៊ុយអេឡា ជាប្រទេស២ក្នុងតំបន់អាមេរិកឡាទីនដែលមិនត្រូវគ្នាជាមួយ លោកខាងលិច និងបង្ហាញការគាំទ្រដល់សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ លោក Jeff Hawn ជាអ្នកជំនាញម្នាក់ស្ដីពីរុស្ស៉ីមកពីសាកលវិទ្យាល័យ London School of Economics បានកត់សម្គាល់ថា «រុស្ស៉ីចង់បំភ័យលោកខាងលិចជាមួយការគំរាមពីការរីកសាយអាវុធ ​និងហាក់កំពុងព្យាយាមពង្រីកការប្រឈមមុខជាមួយលោកខាងលិចទៅកាន់តំបន់ដទៃទៀត»។

ប៉ុន្តែ ការសម្លុតគំរាមរបស់លោកប្រមុខក្រឹមឡាំង នៅតែមានភាពស្រពេចស្រពិលមិនច្បាស់លាស់ ដោយមិនមានការបញ្ជាក់ពីប្រភេទអាវុធដែលនឹងត្រូវដាក់ពង្រាយឡើយ។ នេះជាការយល់ ឃើញរបស់លោក Joseph Moses ជាអ្នកជំនាញយុទ្ធសាស្ត្រយោធា នៅឯក្រុមការងារអន្តរជាតិសម្រាប់ការសិក្សាសន្តិសុខ(ITSS) ក្នុងទីក្រុង Verona ប្រទេសអ៉ីតាលី។ ស្រដៀងគ្នានេះដែរ លោក Jeff Hawn បានបន្ថែមថាគោលដៅរបស់លោក ពូទីន គឺបំភ័យមេដឹកនាំលោកខាងលិច ព្រមទាំងអ្នកដែលចង់ឃើញសន្តិភាពភ្លាមៗនៅអ៊ុយក្រែន ដើម្បីជះឥទ្ធិពលលើសាធារណមតិ នៅក្នុងបណ្ដាប្រទេសលោកខាងលិច ដោយឱ្យពួកគេ បកស្រាយការសម្លុតគំរាមរបស់លោក ទៅតាមការភ័យខ្លាចរបស់ពួកគេ។

* ពង្រីកឥទ្ធិពលទៅកាន់តំបន់អាហ្វ្រិក
ក្រុមអ្នកជំនាញមួយចំនួនយល់ថាការជ្រើសរើសប្រទេសជាមិត្តរបស់រុស្ស៉ី ដែលមានបំណងចង់ចូលរួមក្នុងផែនការរបស់លោក ពូទីន គឺមានកម្រិត។ បើតាមលោក Joseph Moses ការសម្លុតគំរាម របស់លោក ពូទីន អាចនឹងមានន័យជាការពង្រីកបរិក្ខារយោធានៅក្នុងប្រទេសបេឡារុស ហើយជំហានផ្សេងទៀត គឺតម្រង់ទៅរកបណ្ដាប្រទេសអាហ្វ្រិក ដែលកំពុងកាន់តែបែរចេញឆ្ងាយពីអឺរ៉ុប និងសហរដ្ឋអាមេរិក។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ដូច្នេះថា «និយាយពីការផ្ដល់ជំនួយយោធា និងបរិក្ខារពាក់ព័ន្ធទៅកាន់បណ្ដាប្រទេសដទៃ ជាការវាយតម្លៃរបស់ខ្ញុំ យើងអាចរំពឹងបានថារុស្ស៉ី នឹងពង្រីកឥទ្ធិពលនៅក្នុងតំបន់អាហ្រ្វិកកណ្ដាល»។ ជាឧទាហរណ៍៖ រុស្ស៉ី និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាមួយ កាលពីខែមីនាកន្លងទៅ ក្នុងគោលបំណងកែសម្រួលប្រតិបត្តិការរបស់ក្រុមទាហានស៊ីឈ្នួលរុស្ស៉ី Wagner ក្នុងតំបន់អាហ្វ្រិក។

* តំបន់អាមេរិក កូរ៉េខាងជើង និងអ៉ីរ៉ង់
ជាការពិតណាស់ តំបន់អាហ្វ្រិកមិនមែនជាគោលដៅតែមួយគត់របស់រុស្ស៉ីនោះទេ ដោយបេក្ខជនជាគោលដៅរួមមាន អ៉ីរ៉ង់ កូរ៉េខាងជើង គុយបា និងវ៉េណេស៊ុយអេឡាជាដើម។ ប៉ុន្តែ សមត្ថភាពរបស់ រុស្ស៉ី ដើម្បីផ្ដល់អាវុធទៅឱ្យសម្ព័ន្ធមិត្តក្នុងតំបន់អាមេរិកឡាទីន គឺមានព្រំដែនកំណត់ ហើយម្យ៉ាងប្រទេសទាំងនេះក៏មិនប្រថុយធ្វើឱ្យប្រទេសរបស់ខ្លួនធ្លាក់ចូលក្នុងភ្លើងសង្រ្គាមនោះដែរ។ ប្រទេសដូចជា វ៉េណេស៊ុយអេឡា និងគុយបា បានទទួលស្គាល់ថាសហរដ្ឋអាមេរិកជាមហាអំណាចផុតលេខនៅក្នុងតំបន់ ដែលមិនមានគូប្រៀបទៅហើយ។ មិនតែប៉ុណ្ណោះ ក្នុងពេលបច្ចុប្បន្ន រុស្ស៉ីក៏ពិបាកផ្គត់ផ្គង់អាវុធ ទៅជុំវិញពិភពលោកផងដែរ ដោយសូម្បីតែការនាំចេញអាវុធក៏ធ្លាក់ចុះ ដោយសារតែបង្វែរការបញ្ជូនអាវុធទៅឱ្យកងទ័ពរបស់ខ្លួនប្រើនៅក្នុងសង្រ្គាមអ៊ុយក្រែន។ លោក ពូទីន កាលពីពេលថ្មីនេះ បានព្រមានថារុស្ស៉ីអាចនឹងបញ្ជូនអាវុធទៅឱ្យកូរ៉េខាងជើង។

តែយ៉ាងណាក៏ដោយ ដោយសារតែតម្រូវការអាវុធជាចាំបាច់សម្រាប់ធ្វើសង្រ្គាមនៅអ៊ុយក្រែន រុស្ស៉ីទំនងជានឹងមិនអាចផ្ដល់អាវុធល្អៗរបស់ខ្លួនទៅកាន់បណ្ដាប្រទេសដទៃនោះទេ ខណៈទីតាំង យុទ្ធសាស្ត្ររបស់លោកខាងលិចត្រូវបានការពារយ៉ាងមាំទំាដោយអាវុធទំនើបៗ។

​* អ៉ីចឹងមានតែរុស្ស៉ីជាខ្លាឃ្មុំមិនចេះខាំ?
លោកស្រី Veronika Poniscjakova ជាអ្នកជំនាញខាងបញ្ហាសន្តិសុខអន្តរជាតិ និងសង្រ្គាមនៅអ៊ុយក្រែន មកពីសាកលវិទ្យាល័យ University of Portsmouth បាននិយាយថាខណៈលោក ពូទីន​ មានអារម្មណ៍ថាត្រូវតែបញ្ចេញប្រតិកម្មតបទៅនឹងសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ដែលបានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធលោកខាងលិចវាយប្រហារលើគោលដៅក្នុងទឹកដីរុស្ស៉ី ការគំរាមរបស់ ទីក្រុងមូស្គូ គឺគ្រាន់តែជាការកម្លាមួយប៉ុណ្ណោះ។ លោកស្រី Poniscjakova បានគូសបញ្ជាក់ដូច្នេះថា «ក្នុងពេលបច្ចុប្បន្ន ការគំរាមរបស់លោក ពូទីន គ្រាន់តែជាការសម្ដែងការមិនពេញចិត្តប៉ុណ្ណោះ ហើយប្រៀបដូចជាខ្លាឃ្មុំមួយក្បាលមិនចេះខាំ»។

យ៉ាងណាក៏ដោយ បើតាមលោកស្រី Poniscjakova ការធ្វើសមយុទ្ធរបស់រុស្ស៉ីក្នុងតំបន់ Caribbean ជាមួយគុយបា និងវ៉េណេស៊ុយអេឡា បានក្លាយជាឱកាសមួយសម្រាប់មូស្គូ ដើម្បីសាកល្បង បញ្ចុះបញ្ចូលសម្ព័ន្ធមិត្តរបស់ខ្លួនថា ទោះជាធ្វើសង្រ្គាមនៅអ៊ុយក្រែនជាង ២ឆ្នាំមកនេះក៏ដោយ ក៏រុស្ស៉ីនៅតែមានសមត្ថភាពបាចសាចឥទ្ធិពលយោធារបស់ខ្លួនទៅកាន់គ្រប់ទីកន្លែងទាំងអស់ជុំវិញ ពិភពលោក៕