(ម៉ូស្គូ)៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាការ៉ូវ៉ា (Maria Zakharova) បានថ្លែងកាលពីថ្ងៃពុធថា ទីក្រុងម៉ូស្គូកំពុងធ្វើការលើអ្វីដែលលោកស្រីហៅថា «សន្ធិសញ្ញាដ៏ធំ» ជាមួយអ៊ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍របស់លោកស្រី ហាក់ដូចជាសំដៅទៅលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីដ៏ទូលំទូលាយមួយ ដែលកំពុងត្រូវបានចរចារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងមូស្គូ។

គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០២៤ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា សន្ធិសញ្ញាថ្មីមួយរវាងរុស្ស៊ី និងអ៊ីរ៉ង់កំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការចរចា។ សន្ធិសញ្ញានេះត្រូវបានរំពឹងថា នឹងឆ្លុះបញ្ចាំងពីការរីកចម្រើនយ៉ាងខ្លាំង នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលកាន់តែមានភាពស្អិតរមួតជាពិសេសក្នុងវិស័យសេដ្ឋកិច្ច យោធា និងថាមពល បន្ទាប់ពីរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំ លើអ៊ុយក្រែនក្នុងឆ្នាំ២០២២ និងការដាក់ទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិច។

ទោះបីជាមិនទាន់មានព័ត៌មានលម្អិតអំពីខ្លឹមសារនៃសន្ធិសញ្ញាថ្មីនេះក៏ដោយ ក៏ការប្រកាសនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រុស្ស៊ី និងអ៊ីរ៉ង់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរបស់ពួកគេបន្ថែមទៀត៕