(នេប៉ាល់)៖ ភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យមានការបាក់ដី និងទឹកជំនន់ភ្លាមៗនៅប្រទេសនេប៉ាល់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់ហើយមនុស្ស ៩នាក់ផ្សេងទៀតបានស្លាប់ ដោយសាររន្ទះបាញ់ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌ាមានស៊ីនហួរ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

លោក Bahadur Gurung អភិបាលស្រុកឡាមជុង (Lamjung) ដែលស្ថិតនៅចម្ងាយប្រហែល ១២៥ គីឡូម៉ែត្រ ភាគខាងលិចនៃទីក្រុងកាត់ម៉ានឌូ (Kathmandu) បាននិយាយថា ការបាក់ដីបានបោកបក់ផ្ទះបីខ្នងកាលពីយប់មិញ ដែលបណ្តាលឱ្យមនុស្ស៤នាក់បានស្លាប់ រួមទាំងកុមារ២នាក់។

នៅស្រុក ម៉ូរ៉ាង (Morang) ដែលស្ថិតនៅចម្ងាយប្រហែល ៥០០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានីនេប៉ាល់ ការជនលិចបានឆក់យកជីវិតមនុស្សចំនួន៤នាក់ ចាប់តាំងពីថ្ងៃអង្គារមក នេះបើយោងតាមមន្ត្រីស្រុក។ ចំណែក មនុស្ស៣នាក់ផ្សេងទៀតបានស្លាប់នៅក្នុងការបាក់ដីនៅស្រុក កាស្កា (Kaski) ភាគខាងលិច និងស្រុក អូកាល់ធុនហ្គា (Okhaldhunga) ភាគខាងកើតនេប៉ាល់។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ មនុស្សរាប់រយនាក់បានស្លាប់ដោយសារទឹកជំនន់ និងការបាក់ដី ដែលជារឿងធម្មតានៅក្នុងប្រទេសនេប៉ាល់ដែលភាគច្រើនជាតំបន់ភ្នំ ជាពិសេសក្នុងអំឡុងរដូវវស្សា ចាប់ពីពាក់កណ្តាលខែមិថុនាដល់ពាក់កណ្តាលខែកញ្ញា៕