(ប៉េកាំង)៖ កម្មវិធីជជែកពីឧស្សាហកម្មថាមពលថ្មីរបស់ប្រទេសចិន ត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះ។ ខាងក្រោមគឺជាសំណួរ និងចម្លើយ ពាក់ព័ន្ធប្រធានបទនេះ៖

【សំនួរ】 កម្មវិធីលើកនេះនឹងជជែកពីការកសាងថាមពលស្អាតរបស់ប្រទេសចិន តើមានអ្វីខ្លះ?
【ចម្លើយ】 មនុស្សជាតិបានឆ្លងកាត់ការធ្វើបរិវត្តកម្មថាមពលជាច្រើនលើកនៅក្នុងប្រវត្តិសាស្ត្រ ពីការប្រើឧស និងធ្យូងថ្មទៅជាប្រេងកាត ហើយបន្ទាប់មកទៅកាន់ថាមពលថ្មីកាបូនសូន្យ។

ការស្រាវជ្រាវបានបង្ហាញថា ប្រជាជនប្រហែល ២៤០០ លាននាក់នៅជុំវិញពិភពលោកប្រើប្រាស់ឥន្ធនៈដូចជាឧស ធ្យូងថ្ម និងប្រេងកាត ដើម្បីបំពេញតម្រូវការក្នុងជីវភាពរស់នៅ ដូចជាការចម្អិនអាហារ ម៉ាស៊ីនកំដៅ និងភ្លើងបំភ្លឺជាដើម ។ អ្នកជំនាញសម្គាល់ថា នេះបានជះឥទ្ធិពលដល់សុខភាពមនុស្សយ៉ាងទូលំទូលាយ អង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថា ជារៀងរាល់ឆ្នាំ មនុស្ស ៣,២ លាននាក់នៅទូទាំងពិភពលោកបានស្លាប់មុនអាយុដោយសារតែការបំពុលខ្យល់ក្នុងបន្ទប់ ។

ពេលបច្ចុប្បន្ននេះ ការអភិវឌ្ឍយ៉ាងសកម្មនូវថាមពលស្អាត និងការជំរុញការធ្វើបរិវត្តកម្មសេដ្ឋកិច្ចសង្គមបៃតងនិងកាបូនទាប បានក្លាយជាគំនិតឯកភាពទូទៅរបស់សហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុពិភពលោក។

ដោយឡែក ការអភិវឌ្ឍថាមពលស្អាតរបស់ប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍ពីពិភពលោក។ កាលពីឆ្នាំ២០២៣ ឧស្សាហកម្មថាមពលស្អាតបានរួមចំណែក ៤០% ដល់កំណើន GDP របស់ប្រទេសចិន ហើយសេដ្ឋកិច្ចបៃតងបានរួមចំណែក ១១,៤ ទ្រីលានយាន់ប្រាក់ចិនដល់ GDP របស់ចិន ដែលជាកំណត់ត្រាខ្ពស់ក្នុងប្រវត្តិសាស្ត្រ និងបានកើនឡើង ៣០% បើធៀបនឹងឆ្នាំមុន។ កំណើននិងការវិនិយោគគឺត្រូវបានជំរុញជាចម្បងដោយការផលិតបន្ទះសូឡា រថយន្តអគ្គិសនី និងអាគុយ។

សូមបញ្ជក់ថា គឺដោយសារការអភិវឌ្ឍនិងការប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់ប្រទេសចិន ដើម្បីផលិតឧបករណ៍ថាមពលស្អាត ដែលបានជំរុញឱ្យតម្លៃសកលធ្លាក់ចុះយ៉ាងគំហក គិតត្រឹមតែក្នុងមួយឆ្នាំប៉ុណ្ណោះ តម្លៃបន្ទះសូឡាបានធ្លាក់ចុះ ៤២% តម្លៃអាគុយក៏បានធ្លាក់ចុះ ៥០% ផងដែរ។

【សំនួរ 】 ឥឡូវប្រទេសចិនមានម៉ាករថយន្តថាមពលថ្មីចំនួនប៉ុន្មាន?
【ចម្លើយ】 ប្រទេសចិននាំចេញផលិតផលដូចជារថយន្តដើរដោយ ថាមពលអគ្គិសនីថ្មលីចូមជាដើម មិនគ្រាន់តែបានជួយបន្ថែម បរិមាណនិងប្រភេទនៃការផ្គត់ផ្គង់ លើផ្សារពិភពលោក បានបន្ធូរសម្ពាធនៃអតិផរណាពិភពលោកតែប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងខ្លាំង ដល់ការទប់ទល់ បម្រែបម្រួលអាកាសធាតុនៃពិភពលោក និងការធ្វើបរិវត្តកម្មបៃតង និងកាបូនទាបនៃពិភពលោក។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ឧស្សាហកម្មថាមពលថ្មីរបស់ប្រទេសចិន បានឡើងដល់កម្រិតកាន់តែខ្ពស់ជាបន្តបន្ទាប់ ពីឆ្នាំ២០២៣មក ក្នុងចំណោមរថយន្តដែលនាំចូលពីចិនចំនួន ៣គ្រឿង មានរថយន្តដើរដោយថាមពលថ្មី១គ្រឿង។

និយាយដល់ម៉ាករថយន្តថាមពលថ្មីរបស់ប្រទេសចិនមានដូចជា BYD 、SERES 、Lixiang 、Xiaopeng 、Leapmotor 、និងChang`an AUTO 、GAC group ជាដើម។

សហគ្រាសចិនដែលធ្វើការផលិតពាក់ព័ន្ធនឹងវិស័យរថយន្តថាមពលថ្មី ឥឡូវចំនួនសរុបលើសពី១លានសហគ្រាស។ រោងចក្រផលិតភាគច្រើន ស្ថិតនៅខេត្តក្វាងតុង ខេត្តសានតុងនិងខេត្តជាំងស៊ូ។ គួរបញ្ជាក់ថា សេដ្ឋកិច្ចចិនឥឡូវផ្តោតលើ ការជំរុញអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ពោលគឺ ច្នៃប្រឌិតថ្មី គុណភាពល្អ សំដៅលើអនាគតកាល ធ្វើឱ្យឧស្សាហកម្មមានភាពឆ្លាតវៃ និងបៃតង។

នៅចិន រថយន្តថាមពលថ្មី សំដៅលើរថយន្តដែលប្រើប្រាស់អគ្គិសនីសុទ្ធ និងរថយន្តដែលប្រើទាំងអគ្គិសនីនិងសាំង។ សម្រាប់រថយន្តអគ្គិសនីធម្មតា បើប្រើស្ថានីយសាកភ្លើងធម្មតា ត្រូវចំណាយពេលប្រហែល ៧-៨ម៉ោង ទើបសាកពេញ បើប្រើស្ថានីយសាកភ្លើងលឿនបង្គួរ ត្រូវចំណាយត្រឹមតែ ១-២ម៉ោង ។ បើប្រើស្ថានីយសាកភ្លើងលឿនខ្លាំង សាកតែ ១០ នាទី ឬតិចជាងនេះ ក៏បាន ៨០ ភាគរយ ឬច្រើនជាងនេះហើយ។

【សំនួរ】 ដើម្បីអភិរក្សអេកូឡូស៊ីឱ្យល្អ តើប្រទេសចិនបានចាត់វិធានការអ្វីខ្លះ?
【ចម្លើយ】 មិនថាមកពីណា យើងសុទ្ធតែសង្ឃឹមថា មាតុប្រទេសមានធម្មជាតិល្អស្អាត ប្រជាពលរដ្ឋគ្រប់ជំនាន់មានសុខភាពល្អមាំមួន សុទ្ធតែសង្ឃឹមថា មេឃកាន់តែខៀវ ភ្នំកាន់តែបៃតង ទឹកទន្លេបឹងបួរកាន់តែថ្លា ឆ្នេរសមុទ្រកាន់តែស។

ប្រជាជនចិនតែងតែនិយាយឃ្លាមួយ «ទឹកថ្លាភ្នំបៃតងជាភ្នំមាសភ្នំប្រាក់»។ ក្នុងប្រទេសចិន នៅខែមិថុនាអបអរប្រារព្ធធ្វើទិវាបរិស្ថានជាតិ នៅខែសីហា ចិនអបអរប្រារព្ធធ្វើទិវាអេកូឡូស៊ីជាតិ ហើយចិនមានច្បាប់ការពារទន្លេយ៉ុងសេ មានច្បាប់ការពារទន្លេលឿង ក្នុងរយៈពេល២ ឆ្នាំកន្លងមក ប្រទេសចិនបានកសាងឧទ្យានជាតិចំនួន ៥កន្លែងបន្ថែមទៀតហើយ ដើម្បីអភិរក្សប្រភពទឹក ខ្លាឃ្មុំផេនដា ខ្លាតំបន់ឦសាន និងព្រៃត្រូពិកជាដើម ដែលទំហំឧទ្យាននីមួយៗជាមធ្យមប្រហែល ២ម៉ឺនគីឡូម៉ែត្រការ៉េ-- ស្វាគមន៍លោកអ្នកមកធ្វើទេសចរ នៅប្រទេសចិនហើយទៅទស្សនាឧទ្យាជាតិចិនទាំងនេះ។

សូមបញ្ជាក់ថា គោលដៅរបស់ប្រទេសចិនគឺដល់ឆ្នាំ ២០៣៥ កសាងបានឧទ្យានជាតិចំនួនលើសពី ៤០ កន្លែង ជាមួយនឹងទំហំសរុប នឹងលើសពី ១ លានគីឡូម៉ែត្រការ៉េ ដែលនឹងផ្តល់ផលប្រយោជន៍ដល់កសិករ តាមតំបន់ចំនួនរាប់លាននាក់ ដូចជាបានបង្កើនឱកាសកាងារ និងជួយដល់ការអភិវឌ្ឍវិស័យទេសចណ៍ក្នងតំបន់ជាដើម។ ការដែលធ្វើឱ្យមនុស្សជាតិ និងធម្មជាតិរួមរស់នៅ ដោយសុខដុមរមនា ជាខ្លឹមសារសំខាន់មួយក្នុងការងារធ្វើទំនើបកម្ម តាមបែបផែនចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន