(ប៉េកាំង)៖ ថ្ងៃទី២២ ខែមិថុនា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានធ្វើ កិច្ចជំនួបតាមប្រព័ន្ធវីដេអូជាមួយលោក Valdis Dombrovskis អនុប្រធានប្រតិបតិ្តនិងជាសមាជិកពាណិជ្ជកម្ម នៃគណៈកម្មាធិការសហភាពអឺរ៉ុបតាមការណាត់។ ភាគីទាំងពីរបានពិគ្រោះពិភាក្សា និងកំណត់ថា នឹងចាប់ដំណើរការនូវការពិគ្រោះពិភាក្សា ចំពោះការស៊ើបអង្កេតប្រឆាំងឧបត្ថម្ភកធនទៅលើរថយន្តអគ្គីសនី របស់ប្រទេសចិនដែលបង្កឡើងដោយសហភាពអឺរ៉ុប។ ប្រកានេះ បានបង្ហាញថា ភាគីទាំងពីរចិននិងសហភាពអឺរ៉ុបសុទ្ធតែ មានបំណងគ្រប់គ្រងវិវាទផ្នែកពាណិជ្ជកម្ម តាមរយៈកិច្ចសន្ទនានិងពិគ្រោះពិភាក្សា ដើម្បីចៀសវាងកុំឱ្យប៉ះពាល់ដល់ស្ថានការណ៍ជាទូទៅ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

នៅចុងសប្តាហ៍នេះ លោក Robert Habeck ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងការពារអាកាសធាតុ នៃប្រទេសអាល្លឺម៉ង់ បានបំពេញទស្សនកិច្ចនៅប្រទេសចិន។ ខណៈពេលជួបសន្ទនាជាមួយភាគីចិន លោក Habeck បានថ្លែងថា ក្នុងបរិបទបែបនេះ ការដំឡើងពន្ធគយគឺជាមធ្យោបាយយ៉ាប់យ៉ឺនបំផុត វានឹងធ្លាក់ក្នុងវដ្តដ៍អាក្រក់នៃការឡើងកម្តៅ វិវាទពាណិជ្ជកម្ម មានតែធ្វើកិច្ចសន្ទនានិងពិគ្រោះពិភាក្សា ទើបជាមធ្យោបាយដោះស្រាយបញ្ហា។ ពាក្យសំដីនេះបានតំណាងឱ្យអាកប្បកិរិយាយ ប្រឆាំងអឺរ៉ុបដំឡើងពន្ធគយរបស់បក្សពួក មានវិចារណញ្ញាណនៅផ្ទៃក្នុងអឺរ៉ុប ពួកគេមានការយល់ដឹងយ៉ាងច្បាស់ ចំពោះផលវិបាកយ៉ាងធ្ងន់ធ្ងរ ដែលប្រហែលបណ្តាលមកពីករណីនេះ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគីអឺរ៉ុបបានបង្កវិវាទផ្នែកពាណិជ្ជកម្មជាមួយប្រទេសចិនឥតឈប់ឈរ។ ត្រឹមតែចូលឆ្នាំ២០២៤មក អឺរ៉ុបក៏បានដាក់ចេញវិធានការរឹតត្បិតចំពោះ ការវិនិយោគពាណិជ្ជកម្មរបស់ចិនចំនួន៣១ផ្នែក ដែលបណ្តាលឱ្យវិវាទពាណិជ្ជកម្មរវាង ចិននិងអឺរ៉ុបឡើងកម្តៅឥតឈប់ឈរ។ សូមយកវិធានការសំដៅចំពោះរថយន្តអគ្គិសនីរបស់ចិនជាឧទាហរណ៍ អឺរ៉ុបបានបង្កឡើងនូវអ្វីដែលហៅថា ការស៊ើបអង្កេតប្រឆាំងឧបត្ថម្ភកធន ហើយបានប្រកាសថាគ្រោងនឹងដំឡើងពន្ធគយ ទង្វើជាច្រើនរបស់អឺរ៉ុបសុទ្ធតែល្មើសនឹងក្រឹត្យក្រមសេដ្ឋកិច្ចនិងគោលការណ៍ទីផ្សារ។

មជ្ឈដ្ឋានខាងក្រៅបានមើលឃើញយ៉ាងច្បាស់ថា ពាក្យសំដីរបស់ភាគីអឺរ៉ុប ដែលថាចង់ “គាំពារសមភាពក្នុងការប្រកួតប្រជែង ”គឺគ្មានភស្តុតាងអ្វីទាល់តែសោះ។ ភាគីអឺរ៉ុបគ្រាន់តែចង់ប្រើពាក្យសំដីបែបនេះធ្វើជាលេស ដើម្បីបំផ្លិចបំផ្លាញសមភាពក្នុងការប្រកួតប្រជែង និងគាបសង្កត់គូប្រជែងតាមរយៈការពារនិយមផ្នែកពាណិជ្ជកម្ម ក្នុងន័យទប់ស្កាត់និន្នាការណ៍អភិវឌ្ឍឧស្សាហកម្មថាមពលថ្មី របស់ប្រទេសចិន ក៏ដូចជារារាំងការលើកកម្ពស់លំដាប់ថ្នាក់ឧស្សាហកម្ម របស់ប្រទេសចិនផងដែរ។ ព្រមពេលជាមួយគ្នានេះ ក៏បានឆ្លើយតបយ៉ាងសកម្មនឹងអាមេរិក ដែលជាសម័្ពន្ធមិត្តរបស់ខ្លួន។

អ្វីដែលគួរឱ្យអស់សំណើចគឺភាគីអឺរ៉ុបបានអះអាងថា ការដំឡើងពន្ធគយចំពោះរថយន្តអគ្គិសនីរបស់ចិន គឺដើម្បី “ការពារ”ឧស្សាហកម្មរថយន្តរបស់អឺរ៉ុប ប៉ុន្តែប៉ុន្មានថ្ងៃកន្លងទៅនេះ សំឡេងរិះគន់របស់មជ្ឈដ្ឋាននយោបាយ និងឧស្សាហកម្មរបស់អឺរ៉ុប បានលាន់ឮខ្ទរខ្ទាជាបន្តបន្ទាប់។ លោក Volker Wissing រដ្ឋមន្ត្រីក្រសួងឌីជីថលូបនីយកម្ម និងគមនាគមន៍អាល្លឺម៉ង់ បានលើកឡើងថា មធ្យោបាយសម្រាប់ធ្វើឱ្យរថយន្តកាន់តែថោក គឺគួរមានការប្រកួតប្រជែងកាន់តែច្រើន ទីផ្សារកាន់តែបើកចំហ និងលក្ខណៈសម្បតិ្តផលិតកម្ម ដែលត្រូវបានកែលម្អយ៉ាងច្បាស់លាស់ តែមិនមែនធ្វើសង្គ្រាមពាណិជ្ជកម្ម និងបំបិទទីផ្សារនោះឡើយ។ ឥស្សរជនមជ្ឈដ្ឋានឧស្សាហកម្មរថយន្តអឺរ៉ុប បានគូសបញ្ជាក់ថា ការលើកបន្តុករបាំងពន្ធគយចំពោះរថយន្តអគ្គិសនីចិន នឹងបង្ខូចផលប្រយោជន៍របស់អ្នកប្រើប្រាស់អឺរ៉ុប បំផ្លាញកិច្ចសហប្រតិបតិ្តការរវាងអឺរ៉ុបនិងចិន លើវិស័យខ្សែសង្វាក់ផ្គត់ផ្គង់ របស់ឧស្សាហកម្មរថយន្ត ហើយក៏នឹងបង្អង់ល្បឿននៃការធ្វើបរិវត្តកម្មភាពបៃតង និងកាបូនទាបរបស់អឺរ៉ុប។ វាច្បាស់ណាស់ថា អឺរ៉ុបដំឡើងពន្ធគយមិនសមស្របនឹង ផលប្រយោជន៍ជាទូទៅរបស់អឺរ៉ុបឡើយ។

ការពារនិយម មិនអាចការពារដល់កម្លាំងប្រកួតប្រជែងបានឡើយ។ ឧស្សាហកម្មថាមពលថ្មីរបស់ចិនបានរីកចម្រើនឡើង ក្នុងការប្រកួតប្រជែងទីផ្សារ យ៉ាងក្តៅគគុក មិនមែនបានមកដោយប្រាក់ឧបត្ថម្ភធនទេ ហើយក៏មិនមែនបានមកដោយ ការប្រកួតប្រជែងអសមភាពនោះដែរ។ ប្រទេសចិនមិនចង់ឃើញការឡើងកម្តៅ វិវាទពាណិជ្ជកម្មរវាងចិននិងអឺរ៉ុប រីករាយយកចិត្តទុកដាក់ដល់ កង្វល់សមហេតុផលរបស់គូភាគី តាមរយៈកិច្ចសន្ទនានិងពិគ្រោះពិភាក្សា ហើយប្រើប្រាស់វិធីប្រកបដោយ វិចារណញ្ញាណនិងជំនាញ ក្នុងការដោះស្រាយបញ្ហា។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនក៏រំពឹងថា អឺរ៉ុបអាចដើរស្របតាមទិសដៅ ជាមួយចិន ឈានដល់លទ្ធផលមួយដែលភាគីទាំងពីរ សុទ្ធតែអាចទទួលយកបាន និងសមស្របនឹងផលប្រយោជន៍ទ្វេភាគី តាមរយៈកិច្ចសន្ទនានិងពិគ្រោះពិភាក្សា៕

វិទ្យុមិត្តភាពកម្ពុជាចិន