(ព្រុចសែល)៖ នៅថ្ងៃពុធនេះ ប្រទេសជាសមាជិកទាំង៣២ នៃអង្គការ NATO បានសម្រេចជាឯកច្ឆន្ទ តែងតាំងនាយករដ្ឋមន្រ្តីហូឡង់ ដែលត្រូវចូលនិវត្តន៍ គឺលោក Mark Rutte ឱ្យធ្វើជាអគ្គលេខាធិការថ្មីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤។

NATO បានប្រកាសក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមប្រឹក្សាអាត្លង់ទិកខាងជើង ដែលជាស្ថាប័នសម្រេចចិត្តចម្បង របស់អង្គការ NATO បានសម្រេចចិត្តតែងតាំង លោក Mark Rutte ជាអគ្គលេខាធិការបន្ទាប់ របស់បក្សសម្ព័ន្ធយោធាមួយនេះ ពោលគឺបន្តពីលោក Jens Stoltenberg ដែលជាប្រមុខ NATO បច្ចុប្បន្ន»។ បើតាមសេចក្តីថ្លែងការណ៍ដដែល លោក Rutte នឹងចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី១ ខែតុលា ខាងមុខ។

លោក Rutte ត្រូវគេរំពឹងទុករួចមុនទៅហើយថា នឹងក្លាយជាប្រមុខ NATO ថ្មី បន្ទាប់ពីគូប្រជែងតែម្នាក់គត់របស់លោក សម្រាប់តួនាទីនេះ គឺប្រធានាធិបតីរូម៉ានី លោក Klaus Iohannis បានប្រកាសដកខ្លួនកាលពីសប្តាហ៍មុន។ ក្រោយប្រកាសអំពីចំណាប់អារម្មណ៍ក្នុង តំណែងជាអគ្គលេខាធិការ NATO កាលពីឆ្នាំមុន លោក Rutte ទទួលបានការគាំទ្រភ្លាមៗ ពីសំណាក់សមាជិកសំខាន់ៗ គឺរួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ជាដើម។ ពីដំបូងឡើយ សមាជិកដទៃទៀត ជាពិសេសក្រុមប្រទេសអឺរ៉ុបខាងកើត ហាក់មានភាពស្ទាក់ស្ទើរ ក្រោមហេតុផលថា មុខតំណែងនេះ គួរបានទៅបុគ្គលដែល​មកពីតំបន់របស់ពួកគេម្តង ជាលើកដំបូង។

គួរបញ្ជាក់ថា ប្រមុខ NATO បច្ចុប្បន្ន លោក Stoltenberg បានឡើងកាន់តំណែងដំបូង កាលពីឆ្នាំ២០១៤ ពោលគឺត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីរុស្ស៉ីបានក្រសោបយក ឧបទ្វីបគ្រីមៀពីអ៊ុយក្រែន។ អាណត្តិរបស់លោក Stoltenberg ទីបំផុត នឹងបញ្ចប់នៅថ្ងៃទី១ ខែតុលា បន្ទាប់ពី​ត្រូវបានអូសបន្លាយម្តងហើយម្តងទៀត ចំពោះមុខសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន៕