(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានស្វាគមន៍វត្តមានរដ្ឋមន្រ្តីផែនការ និងវិនិយោគវៀតណាម សម្រាប់កិច្ចពិភាក្សាស្តីពីការពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហើយថាទំនាក់ទំនងប្រទេសទាំងពីរ មានភាពរឹងមាំជាងពេលណាៗ ទាំងអស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ ២០២៤។

ការទទួលស្វាគមន៍នេះកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងហាណូយ ធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនខកចិត្ត ដោយសារតែ ការទទួលវត្តមានប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅវៀតណាម។ បើតាមក្រសួងការបរទេសអាមេរិក កិច្ចពិភាក្សាក្នុងសប្តាហ៍នេះ នឹងគ្របដណ្តប់លើសន្តិសុខសេដ្ឋកិច្ច semiconductors ការវិនិយោគផ្នែកអាកាសធាតុ សេដ្ឋកិច្ចឌីជីថល ព័ត៌មានវិទ្យា ថាមពល និងការជីកយករ៉ែ។

អនុរដ្ឋមន្ត្រី​សេដ្ឋកិច្ច ថាមពល និង​បរិស្ថានរបស់សហរដ្ឋអាមេរិក លោក Jose Fernandez បានប្រាប់រដ្ឋមន្ត្រីផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung ថា ធុរកិច្ចអាមេរិក ពិតជាចាប់អារម្មណ៍ណាស់ចំពោះប្រទេសវៀតណាម ប៉ុន្តែយើងត្រូវតែចងចាំថា ខណៈអ្នកវិនិយោគមានសុទិដ្ឋិនិយម យើងក៏ចង់ធ្វើឱ្យប្រាកដថាពួកគេមានបទប្បញ្ញត្តិ និងបរិយាកាសដើម្បីធ្វើការសម្រេចចិត្ត បន្តការវិនិយោគនៅក្នុងប្រទេសវៀតណាម។

គួរបញ្ជាក់ថា កាល​ពី​ឆ្នាំ​មុន ទីក្រុង​វ៉ាស៊ីនតោន ​បាន​ដំឡើងកម្រិត​ទំនាក់​ទំនង​អាមេរិក-វៀតណាមទៅ​ជា «ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ»។ បើតាម លោក Fernandez ពាណិជ្ជកម្មរវាងអាមេរិក និងវៀតណាមឥឡូវនេះមានតម្លៃ ១២៤ពាន់លានដុល្លារ នាំឱ្យវៀតណាមក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី ៩របស់សហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក នឹងធ្វើការសម្រេចចិត្តថាតើត្រូវបង្កើនឋានៈរបស់វៀតណាម ក្នុងសេដ្ឋកិច្ចទីផ្សាររបស់ខ្លួន ត្រឹមថ្ងៃទី២៦ ខែកក្កដា ដែលនឹងកាត់បន្ថយពន្ធលើការនាំចូលរបស់វៀតណាមឬយ៉ាងណា ព្រោះបច្ចុប្បន្នវៀតណាមស្ថិតក្នុងឋានៈសេដ្ឋកិច្ចមិនមែនទីផ្សារ របស់សហរដ្ឋអាមេរិក៕