(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា មីស៉ីលដែលកូរ៉េខាងជើងបានបាញ់តេស្ត នាព្រឹកថ្ងៃពុធនេះ ចេញពីឆ្នេរភាគខាងកើត គឺទំនងជាមីស៉ីលល្បឿនលឿន ជាងសំឡេង (hypersonic missile) ប៉ុន្តែវាបានផ្ទុះនៅកណ្តាលផ្ទៃអាកាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤។
យោធាកូរ៉េខាងត្បូង បាននិយាយថា មីស៉ីលខាងលើ ត្រូវបានបាញ់ចេញតំបន់ ក្បែររដ្ឋធានីព្យុងយ៉ាង ខណៈក្រសួងការពារជាតិជប៉ុន បានប្រាប់ថា វាបានហោះដល់រយៈកម្ពស់ប្រហែល ១០០គីឡូម៉ែត្រ និងធ្វើដំណើរបានចម្ងាយលើស២០០គីឡូម៉ែត្រ។ បើតាមយោធាកូរ៉េខាងត្បូង មីស៉ីលនោះ គឺហាក់ដូចជាមីស៉ីលល្បឿនលឿនជាងសំឡេង ហើយការបាញ់តេស្ត បានបញ្ចប់ទៅដោយភាពបរាជ័យ ក្រោយវាហោះបានចម្ងាយប្រហែល២៥០គីឡូម៉ែត្រ។ លើកចុងក្រោយដែលកូរ៉េខាងជើង បានបាញ់តេស្តមីស៉ីលបែបនេះ គឺកាលពីថ្ងៃទី៣០ ខែឧសភា។
គួរបញ្ជាក់ថា ក្រុមមន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានជួបសន្ទនាគ្នាភ្លាមៗ តាមប្រព័ន្ធទូរស័ព្ទ ហើយបានថ្កោលទោស ការបាញ់តេស្តមីស៉ីលរបស់កូរ៉េខាងជើង ថាជាការរំលោភបំពានលើ សេចក្តីសម្រេចជាច្រើន របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយថែមទាំងជាការគំរាមកំហែងធ្ងន់ធ្ងរមួយទៀតផង ចំពោះសុខសន្តិភាពនិងស្ថិរភាព ក្នុងតំបន់ក៏ដូចជាពិភពលោកទាំងមូល៕