(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានជួបរដ្ឋមន្រ្តីការបរទេសម៉ាល់ឌីវ លោក Moosa Zameer កាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយនិយាយថា ទីក្រុងវ៉ាស៉ីនតោន ស្វែងរកភាពជាដៃគូកាន់តែស៉ីជម្រៅ ជាមួយជាប្រទេសដីកោះមហាសមុទ្រឥណ្ឌាមួយនេះ និងគាំទ្រដល់ការធានាឱ្យមានតំបន់ឥណ្ឌូប៉ាស៉ីហ្វិកសេរី និងបើកចំហ ក៏ដូចជាការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ ២០២៤។
លោក Blinken បានប្រាប់ លោក Zameer ដូច្នេះថា «សម្រាប់យើង ម៉ាល់ឌីវ គឺជាដៃគូដ៏សំខាន់ ហើយយើងចង់ធ្វើឱ្យប្រាកដថា យើងជាដៃគូដ៏ល្អជាមួយម៉ាល់ឌីវ»។ លោក Blinken បានបន្ថែមថា «យើងនឹងធ្វើការដើម្បីធានាថា យើងមានតំបន់ឥណ្ឌូប៉ាស៉ីហ្វិកសេរី និងបើកចំហ។ គាំទ្រកិច្ចព្រមព្រៀងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ រួមគ្នាធ្វើឱ្យប្រាកដថាយើងមានលំហដែនសមុទ្រដែលមានសុវត្ថិភាព ហើយសហការគ្នាជាមូលដ្ឋានដើម្បីសាងអនាគតរុងរឿង សម្រាប់ប្រជាជនរបស់យើង»។ ចំណែក លោក Zameer និយាយថា រដ្ឋាភិបាលម៉ាល់ឌីវ កោតសរសើរចំពោះការផ្លាស់ប្តូរទំនាក់ទំនង ក្នុងកម្រិតខ្ពស់ជាមួយសហរដ្ឋអាមេរិក ហើយទន្ទឹងរង់ចាំធ្វើឱ្យទំនាក់ទំនងនេះមានផ្លែផ្កាថែមទៀត។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅទីក្រុងវ៉ាស៉ីនតោនរបស់ លោក Zameer កើតមានឡើងពីរខែ បន្ទាប់ពីគណបក្សរបស់លោកប្រធានាធិបតីម៉ាល់ឌីវ Mohamed Muizzu ឈ្នះការបោះឆ្នោតសភា។ លោក Muizzu កំពុងជំរុញទំនាក់ទំនងឆ្ពោះទៅរកចិន និងចេញឆ្ងាយពីឥណ្ឌា ដែលជាដៃគូក្នុងតំបន់ដ៏សំខាន់របស់សហរដ្ឋអាមេរិក ក្នុងការទប់ទល់ឥទ្ធិពលចិននៅតំបន់ឥណ្ឌូប៉ាស៉ីហ្វិក៕