(កេនយ៉ា)៖ កងកម្លាំងប៉ូលីសនៃប្រទេសកេនយ៉ា បានបើកការបាញ់ប្រហារទៅលើក្រុមបាតុករ ដែលព្យាយាមវាយលុកចូលអគាររដ្ឋសភានៅថ្ងៃអង្គារនេះ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។

ហេតុការណ៍នេះបានកើតឡើង ខណៈពេលដែលសមាជិកសភាកំពុងពិភាក្សាលើសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុថ្មី ដែលមានគោលបំណងតម្លើងពន្ធ។

បាតុករបានជម្នះកងកម្លាំងប៉ូលីស និងដេញពួកគេចេញ ក្នុងការប៉ុនប៉ងវាយលុកចូលបរិវេណរដ្ឋសភា ដែលអណ្តាតភ្លើងត្រូវបានគេមើលឃើញឆាបឆេះនៅខាងក្នុង។ ប៉ូលីសបានបើកការបាញ់ប្រហារ បន្ទាប់ពីបរាជ័យក្នុងការប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងទឹកដើម្បីបំបែកហ្វូងមនុស្ស។

ក្រុមបាតុករបានប្រឆាំងនឹងការតម្លើងពន្ធនៅក្នុងប្រទេស ដែលកំពុងរងការវាយប្រហារដោយវិបត្តិសេដ្ឋកិច្ចសកល ហើយបាតុករជាច្រើនក៏បានអំពាវនាវឱ្យលោកប្រធានាធិបតី William Ruto ចុះចេញពីតំណែងផងដែរ។

ការតវ៉ា និងការប៉ះទង្គិចគ្នាក៏បានកើតឡើងនៅក្នុងទីក្រុង និងទីប្រជុំជាច្រើនទៀតនៅទូទាំងប្រទេសកេនយ៉ាផងដែរ៕