(ម៉ានីល)៖ រដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោក Enrique Manalo បាននិយាយនៅថ្ងៃអង្គារនេះថា ទីក្រុងម៉ានីលកំពុងធ្វើការដើម្បីនាំចិន ឱ្យត្រលប់មករកតុចរចាវិញ ដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នា ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ ២០២៤។
លោក Manalo បានប្រាប់គណៈកម្មាធិការស៉ើបអង្កេតរបស់ព្រឹទ្ធសភាថា ប្រទេសទាំងពីរបានបើកកិច្ចប្រជុំក្រុមការងារ កាលពីសប្តាហ៍មុន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំយន្តការពិគ្រោះយោបល់ទ្វេភាគីកម្រិតខ្ពស់ នៅក្នុងខែកក្កដា។ លោក Manalo បញ្ជាក់ថា «វិធានការកសាង ទំនុកចិត្តណាមួយដែលត្រូវសម្រេច នឹងមិនយកអធិបតេយ្យភាព សិទ្ធិអធិបតេយ្យ ក៏ដូចជាយុត្តាធិការរបស់យើង នៅលើសមុទ្រហ្វីលីពីនខាងលិច មកដោះដូរនោះទេ»។
គួរបញ្ជាក់ថា ហ្វីលីពីន ប្រើឈ្មោះសមុទ្រខាងលិច តំណាងឱ្យផ្នែកដែលខ្លួនទាមទារ នៅសមុទ្រចិនខាងត្បូង។ រីឯចិន ទាមទារស្ទើរតែទាំងស្រុងនូវដែនទឹកដែលត្រួតលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ព្រុយណេ ម៉ាឡេស៉ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម៕