(ប៉េកាំង)៖ នាថ្ងៃអង្គារនេះ យានអវកាសចិន ដែលផ្ទុកគំរូតាងប្រមូលយកមកពី តំបន់នៃផ្ទៃព្រះចន្ទ ដែលមិនបែរមករកផែនដី ឬហៅថា far side of the Moon បានវិលត្រឡប់​មកដល់ភពរបស់យើងវិញ ដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤។

ទីភ្នាក់ងារអវកាសចិន CNSA បាននិយាយថា យាន Chang'e-6 បានចុះមកដល់ទីតាំងដែលត្រូវបានកំណត់ទុកមួយ នៅតំបន់ Inner Mongolia នាវេលាម៉ោង២៖០៧នាទីរសៀល ហើយបេសកកម្មនេះ ទទួលបានជោគជ័យទាំងស្រុង ដោយវាបាននាំយកមកនូវ កម្ទេចដីនិងថ្មពីចំហៀងផ្ទៃរបស់ព្រះចន្ទ ដែលពុំសូវមានការសិក្សាស្រាវជ្រាវ ពីមុនមកឡើយ។ បេសកកម្ម Chang'e-6 ត្រូវបានបញ្ជូនចេញពីភពផែនដី កាលពីថ្ងៃទី៣ ខែឧសភា ហើយមួយខែក្រោយមក វាបានចុះទៅយកគំរូតាងនៅតំបន់ South Pole-Aitken Basin នៃចំហៀង far side របស់ព្រះចន្ទ។ រាប់ចាប់តាំងពីដើមរហូតដល់ចប់ បេសកកម្ម Chang'e-6 មានរយៈពេលសរុប៥៣ថ្ងៃ។

គួរបញ្ជាក់ថា អំឡុងអាណត្តិដឹកនាំរបស់ប្រធានាធិបតី លោក ស៉ី ជីនពីង ប្រទេសមហាយក្សអាស៉ីមួយនេះ បានផ្តោតធនធានយ៉ាងច្រើនសម្បើម ទៅក្នុងកម្មវិធីអវកាសរបស់ខ្លួន ជាមួយការកំណត់គោលដៅមហិច្ឆតាធំៗ​ ដើម្បីតាមឱ្យទាន់ប្រទេសមហាអំណាចអវកាស ដូចជាអាមេរិក និង​រុស្ស៉ី ជាដើម។ មកទល់ពេលនេះ ចិនបានសាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួន, បញ្ជូនយានរ៉ូបូតទៅដល់លើផ្ទៃព្រះចន្ទ និងភពអង្គារ ហើយជាប្រទេសទី៣ លើពិភពលោក ដែលមានសមត្ថភាពនាំអវកាសយានិក ឡើងទៅកាន់គន្លងអវកាស ដោយខ្លួនឯង។

ពាក់ព័ន្ធកម្មវិធីឋានព្រះចន្ទ ចិនមានផែនការបញ្ជូនក្រុមអវកាសយានិក ទៅកាន់ផ្ទៃព្រះចន្ទឱ្យបាននៅត្រឹមឆ្នាំ២០៣០ ហើយទីបំផុតគ្រោង​សាងសង់មូលដ្ឋានមួយ នៅទីនោះថែមទៀត។ ចំណែក សហរដ្ឋអាមេរិក ក៏មានផែនការនាំយកអវកាសយានិក ត្រឡប់ទៅដល់លើផ្ទៃព្រះចន្ទ សាជាថ្មីម្តងទៀតផងដែរ នៅឆ្នាំ២០៣៦ តាមរយៈបេសកកម្ម Artemis 3៕