(សេអ៊ូល)៖ យោធាទីក្រុងសេអ៊ូល បានអះអាងនៅថ្ងៃអង្គារនេះថា កូរ៉េខាងជើង បានបង្ហោះបាឡុងផ្ទុកទៅដោយសំរាម ចំនួនរាប់រយបាឡុងទៀត ឆ្លងព្រំប្រទល់ចូលមកក្នុងទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤។
អគ្គសេនាធិការដ្ឋានរួមនៃយោធាកូរ៉េខាងត្បូង បាននិយាយថា ទីក្រុងព្យុងយ៉ាង បានបង្ហោះបាឡុងប្រហែល៣៥០បាឡុង កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ ហើយប្រមាណជា១០០បាឡុង បានធ្លាក់នៅកូរ៉េខាងត្បូង ភាគច្រើនក្នុងខេត្ត Gyeonggi ភាគខាងជើង ព្រមទាំងនៅរដ្ឋធានីសេអ៊ូល។ ថង់ដែលចងភ្ជាប់ជាមួយ បាឡុងទាំងនោះ គឺភាគច្រើនផ្ទុកសំណល់ក្រដាសប៉ុណ្ណោះ ហើយមិនបង្កហានិភ័យសុវត្ថិភាព ចំពោះសាធារណជនឡើយ។
គួរបញ្ជាក់ថា កន្លងទៅថ្មីៗនេះ កូរ៉េខាងជើង ក៏ធ្លាប់បានបង្ហោះបាឡុងសំរាមរាប់រយបាឡុង ឆ្លងចូលកូរ៉េខាងត្បូងផងដែរ ដោយនិយាយថា វាគឺជាចំណាត់ការសងសឹក សម្រាប់សកម្មភាពបង្ហោះបាឡុង ដែលផ្ទុកខិត្តប័ណ្ណឃោសនា ប្រឆាំងរបបដឹកនាំទីក្រុងព្យុងយ៉ាង ចូលទៅខាងទឹកដីកូរ៉េខាងជើង ដោយក្រុមសកម្មជនកូរ៉េខាងត្បូង។ ជាការឆ្លើយតប ចំពោះការបង្ហោះបាឡុងសំរាមរបស់កូរ៉េខាងជើង ទីក្រុងសេអ៊ូលបានសម្រេចផ្អាកទាំងស្រុង នូវកិច្ចព្រមព្រៀងយោធាឆ្នាំ២០១៨ ដែលមានគោលដៅ បន្ធូរបន្ថយភាពតានតឹង ហើយចាប់ផ្តើមការប្រើប្រាស់ឧបករណ៍បំពងសំឡេង ដើម្បីឃោសនាប្រឆាំងកូរ៉េខាងជើង នៅតាមបណ្តោយតំបន់ព្រំដែន ឡើងវិញ៕