(មូស្គូ)៖ រុស្ស៉ី កាលពីថ្ងៃចន្ទ ទី២៤ ខែមិថុនា បានព្រមានសហរដ្ឋអាមេរិកពីផលវិបាក និងបានកោះហៅឯកអគ្គរដ្ឋទូតអាមេរិក បន្ទាប់ពីមូស្គូអះអាងថាការវាយប្រហារមួយ របស់អ៊ុយក្រែនដោយប្រើមីស៊ីលផ្ដល់ដោយសហរដ្ឋអាមេរិក បានសម្លាប់មនុស្ស ៤នាក់នៅក្នុងតំបន់គ្រីមៀ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីក្រុងមូស្គូ បានបង្កើនការរិះគន់លើទីក្រុងវ៉ាស៊ីនតោន និងបណ្ដាប្រទេសលោកខាងលិចសម្រាប់ការផ្គត់ផ្គង់អាវុធឱ្យទីក្រុងកៀវ ប្រើប្រាស់ក្នុងការវាយប្រហារលើគោលដៅរុស្ស៉ី ដោយចាត់ទុកថានេះគឺជាការចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាមជាង ២ឆ្នាំមកនេះ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានចាត់ទុកការវាយប្រហារកាលពី ថ្ងៃអាទិត្យសប្ដាហ៍មុនលើទីក្រុង Sevastopol នៃតំបន់គ្រីមៀ ថាជាទង្វើឃោរឃៅ និងបានចោទប្រកាន់សហរដ្ឋអាមេរិកថាជាអ្នកទទួលខុសត្រូវលើការសម្លាប់កុមាររុស្ស៉ី។

តាមអភិបាលក្រុង Sevastopol លោក Mikhail Razvozhayev ក្នុងចំណោមជនរងគ្រោះទាំង៤នាក់ ដែលបានស្លាប់ក្នុងការវាយប្រហារនោះមានកុមារ ២នាក់ផងដែរ។ ក្នុង សន្និសីទសារព័ត៌មាន លោក Peskov បានគូសបញ្ជាក់ដូច្នេះថា «ការចូលរួមរបស់សហរដ្ឋអាមេរិក ការចូលរួមដោយផ្ទាល់ បានបណ្ដាលឱ្យជនស៊ីវិលរុស្ស៉ីជាកុមារ ២នាក់ ត្រូវបានសម្លាប់ ហើយរឿងបែបនេះមិនអាចកើតឡើងទៅបានដោយទទេៗនោះទេ។ ទុកឱ្យពេលវេលាជាអ្នកប្រាប់ចុះថាតើផលវិបាកអ្វីដែលនឹងកើតឡើង»។ អ្នកនាំពាក្យ វិមានក្រឹមឡាំងរូបនេះក៏បានលើកឡើងជាថ្មីផងដែរពីការព្រមានរបស់លោក ពូទីន កាលពីដើមខែមិថុនានេះដែលថារុស្ស៉ីអាចនឹងបំពាក់អាវុធឱ្យបណ្ដាប្រទេសមួយចំនួនដែល អាចវាយប្រហារលើគោលដៅក្នុងទឹកដីលោកខាងលិច។

គួរបញ្ជាក់ថា ក្រសួងការបរទេសរុស្ស៉ី កាលពីថ្ងៃចន្ទ បានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសរុស្ស៉ី លោកស្រី Lynne Tracy ឱ្យចូលជួប និងបានចេញ សេចក្ដីថ្លែងការណ៍មួយថាសហរដ្ឋអាមេរិក គឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់គ្រីមៀ។ អ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ តែបាន បដិសេធថាខ្លួនមិនបានវាយប្រហារលើគោលដៅស៊ីវិលនោះទេ៕