(ឡុងដ៍)៖ ស្ថាបនិកគេហទំព័រ WikiLeaks លោក Julian Assange ត្រូវបានដោះលែងចេញពីពន្ធនាគារនៅក្នុងចក្រភពអង់គ្លេស ហើយកំពុងធ្វើដំណើរឆ្ពោះទៅកាន់ផ្ទះ របស់លោកក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងសារភាពទោសកំហុសចំពោះបទល្មើសបំពានច្បាប់ចារកម្មរបស់សហរដ្ឋអាមេរិក។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤។

បើយោងតាមឯកសារតុលាការអាមេរិកសម្រាប់ដែនកោះ Northern Mariana លោក Assange មានអាយុ ៥២ឆ្នាំ នឹងសារភាពពីទោសកំហុសលើបទចោទមួយករណី ពាក់ព័ន្ធនឹងការបំពានច្បាប់ចារកម្មរបស់សហរដ្ឋអាមេរិក។ លោក Assange ត្រូវបានដោះលែងចេញពីពន្ធនាគារ Belmarsh ក្នុងចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទ ទី២៤ ខែមិថុនា និងត្រូវបាននាំទៅកាន់អាកាសយានដ្ឋានជាទីដែលលោកបានឡើងយន្ដហោះចាកចេញពីចក្រភពអង់គ្លេស។

លោក Assange នឹងត្រូវបង្ហាញខ្លួននៅក្នុងតុលាការមួយនៅឯកោះ Saipan នៃដែនកោះ Northern Mariana ជាដែនដីអាមេរិកមួយក្នុងតំបន់ប៉ាស៊ីហ្វិក នៅម៉ោង ៩ព្រឹក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ជាទីដែលលោកត្រូវបានរំពឹងថានឹងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ ៦២ខែ ជាទោសមួយដែលលោកបានអនុវត្ត រួចទៅហើយ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ គេហទំព័រ WikiLeaks ក៏បានបញ្ជាក់ដែរថា «លោក Assange ត្រូវបានដោះលែងឱ្យមានសេរីភាព និងបានចាកចេញពីពន្ធនាគារ Belmarsh កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ក្រោយជាប់ឃុំក្នុងពន្ធនាគារ ១៩០១ថ្ងៃ នៅទីនោះ»

គួរបញ្ជាក់ថា លោក Julian Assange ត្រូវបានឃាត់ខ្លួនដំបូងក្នុងចក្រភពអង់គ្លេស ក្នុងឆ្នាំ២០១០ ពោលបន្ទាប់ពីគេហទំព័រ WikiLeaks បានចេញផ្សាយឯកសារសម្ងាត់ របស់សហរដ្ឋអាមេរិករាប់ម៉ឺនឯកសារទាក់ទិននឹងសង្រ្គាមរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៉ីរ៉ាក់ និងអាហ្វហ្កានីស្ថាន។ ក្នុងចំណោមឯកសារទាំងនោះរួមមានទាំងវីដេអូ មួយដែលបង្ហាញពីឧទ្ធម្ភាគចក្រអាមេរិក Apache មួយគ្រឿងបានបាញ់ប្រហារមួយដែលបានសម្លាប់ជនស៊ីវិលរាប់សិបនាក់ ក្នុងនោះរួមមានទាំងបុគ្គលិកទីភ្នាក់ងារ សារព័ត៌មាន Reuters ២នាក់ផងដែរ៕