(ប៉ូឡូញ)៖ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយកាលពីថ្ងៃចន្ទ ក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងថា លោកសង្ឃឹមថា ចិននឹងជួយស្វែងរកដំណោះស្រាយសម្រាប់សន្តិភាពនៅអ៊ុយក្រែន ដោយគោរពច្បាប់អន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ២០២៤។

ចិនមិនបានចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន ដែលរៀបចំឡើងនៅប្រទេសស្វីសកាលពីពាក់កណ្តាលខែនេះទេ ដោយលើកឡើងថា វាមិនបានបំពេញតាមការរំពឹងទុករបស់ខ្លួន ដែលគ្មានភាគីរុស្ស៊ីចូលរួម។ រុស្ស៊ី ដែលបានបើកការឈ្លានពានពេញទំហឹងលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ មិនត្រូវបានអញ្ជើញ និងបានថ្កោលទោសការជួបជុំនេះថាជារឿងគ្មានប្រយោជន៍។

អ្នកការទូតបានប្រាប់ទីភ្នាក់ងារ Reuters កាលពីខែនេះថា ចិនបានដឹកនាំរដ្ឋាភិបាលនានា ជាមួយនឹងផែនការសន្តិភាពជំនួសមួយសម្រាប់អ៊ុយក្រែន។

បន្ទាប់ពីជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនភីង នៅទីក្រុងប៉េកាំង លោក Duda បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំបានបង្ហាញពីទស្សនៈរបស់យើងលើស្ថានភាពសន្តិសុខនៅអឺរ៉ុប និងពិភពលោក ជាពិសេសនៅក្នុងតំបន់អឺរ៉ុបរបស់យើង»។ លោកបានបន្តទៀតថា «ខ្ញុំសង្ឃឹមថា ចិននឹង... គាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាម ដែលបង្កឡើងដោយរុស្ស៊ីនៅអ៊ុយក្រែន» ដោយបន្ថែមថា សន្តិភាពបែបនេះត្រូវតែគោរពច្បាប់អន្តរជាតិ និងព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា ចិន និងរុស្ស៊ី បានប្រកាសពីភាពជាដៃគូ «គ្មានដែនកំណត់» មុនពេលប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បញ្ជាឱ្យឈ្លានពានអ៊ុយក្រែន។ ទីក្រុងប៉េកាំងនិយាយថា ខ្លួនមានអព្យាក្រឹត្យភាពក្នុងជម្លោះនេះ ហើយមិនបានផ្គត់ផ្គង់អាវុធ ឬគ្រាប់រំសេវដល់ទីក្រុងម៉ូស្គូទេ។

ទូរទស្សន៍រដ្ឋចិនបានរាយការណ៍ថា លោក Xi បានប្រាប់លោក Duda ថា ចិនគាំទ្រគ្រប់កិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីនាំសង្គ្រាមនៅអ៊ុយក្រែនឱ្យមានការបញ្ចប់ដោយសន្តិវិធី ហើយថា ចិននឹងបន្តដើរតួនាទីក្នុងការស្វែងរកដំណោះស្រាយនយោបាយចំពោះវិបត្តិនេះ៕