(សេអ៊ូល)៖ គ្រោះអគ្គិភ័យបានឆាបឆេះ រោងចក្រផលិតថ្ម lithium មួយកន្លែង ក្នុងប្រទេសកូរ៉េខាងត្បូង នាថ្ងៃចន្ទនេះ ហើយបានបង្កឱ្យ​មនុស្សយ៉ាងហោចណាស់១៦នាក់ បាត់បង់ជីវិត ខណៈ៥នាក់ផ្សេងទៀត បាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤។

គ្រោះអគ្គិភ័យនោះបានកើតឡើង នាវេលាម៉ោងខ្ទង់១០៖៣០នាទីព្រឹកថ្ងៃចន្ទនេះ នៅឯរោងចក្រមួយរបស់ក្រុមហ៊ុនផលិតថ្មកូរ៉េខាងត្បូង Aricell ក្នុងទីក្រុង Hwaseong ភាគខាងត្បូងរដ្ឋធានីសេអ៊ូល។ មកទល់ពេលនេះ អគ្គិភ័យត្រូវបានពន្លត់ទៅវិញហើយ។ យោងតាម លោក Kim Jin-young ដែលជាអាជ្ញាធរផ្នែកពន្លត់អគ្គិភ័យប្រចាំក្រុង Hwaseong ភ្លើងបានចាប់ផ្តើមឆេះ ក្រោយពីថ្ម lithium បានផ្ទុះបន្តកន្ទុយគ្នា ក្នុងឃ្លាំងស្តុកមួយកន្លែង ប៉ុន្តែអ្វីដែលបង្កឱ្យពួកវាផ្ទុះឡើងបែបនោះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

គួរបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Yonhap សាកសពប្រមាណ២០នាក់ ត្រូវបានរកឃើញ នៅក្នុងរោងចក្រនោះ ប៉ុន្តែលោក Kim បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មនុស្សត្រឹម១៦នាក់ប៉ុណ្ណោះ បានបាត់បង់ជីវិត ហើយ២នាក់​ផ្សេងទៀត បានរងរបួសធ្ងន់។ ជាមួយគ្នានេះ ក្រុមសង្រ្គោះកំពុងព្យាយាមស្វែងរកមនុស្ស៥នាក់ផ្សេងទៀត ដែលបានបាត់ខ្លួន៕