(ណៃពិដោ)៖ ប្រភពពីយោធាមីយ៉ាន់បានឱ្យដឹងនាថ្ងៃចន្ទនេះថា ក្រុមដំបូងនៃមនុស្សសរុប៥,០០០នាក់ ដែលត្រូវបានរបបសឹកកោះហៅ ឱ្យចូលបំពេញកាតព្វកិច្ចយោធាជាកំហិត នឹងចាប់ផ្តើមអនុវត្តភារកិច្ចរបស់ពួកគេ នៅចុងខែមិថុនានេះ ខណៈរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កំពុងបន្តជួបការលំបាក ក្នុងការបង្រ្កាបចលនាតស៊ូបះបោរ ប្រឆាំងនឹងរដ្ឋប្រហាររបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤។
របបសឹកមីយ៉ាន់ម៉ា បានសម្រេចអនុវត្តឡើងវិញ នូវច្បាប់តម្រូវឱ្យពលរដ្ឋចូលបំពេញកាតព្វកិច្ចយោធា កាលពីខែកុម្ភៈ ឆ្នាំនេះ ពោលគឺ៣ឆ្នាំ ក្រោយខ្លួនបានធ្វើរដ្ឋប្រហារដណ្តើមអំណាច រួចបង្កឱ្យមានចលនាបះបោរប្រដាប់អាវុធ ដែលបានរីកសុសសាយសឹងពាសពេញប្រទេស។ ច្បាប់ខាងលើអនុញ្ញាតឱ្យរបបសឹក កោះហៅបុរសអាយុចន្លោះ១៨-៣៥ឆ្នាំ និងស្រ្តីអាយុចន្លោះ១៨-២៧ឆ្នាំ ចូលបម្រើកងទ័ពយ៉ាងហោចរយៈពេល២ឆ្នាំ។
យោងតាមប្រភពពីជួរយោធាមីយ៉ាន់ម៉ាដែល AFP ទទួលបាន ក្រុមដំបូងនៃអ្នកទាំងនោះ ដែលបានចាប់ផ្តើមចូលទទួលការបណ្តុះបណ្តាលផ្នែកយោធា កាលពីដើមខែមេសាកន្លងទៅ នឹងបញ្ចប់ការហ្វឹកហាត់របស់ពួកគេ នៅចុងខែនេះ។ ក្រោយបញ្ចប់ការហ្វឹកហាត់ ទាហានថ្មីសរុប៥,០០០នាក់ទាំងនោះ នឹងត្រូវដាក់ពង្រាយឱ្យឈរជើង នៅតាមបញ្ជាការដ្ឋានយោធាខុសៗគ្នា ជុំវិញប្រទេស ដើម្បីចាប់ផ្តើមអនុវត្តភារកិច្ចរបស់ពួកគេ។
គួរបញ្ជាក់ថា ប្រទេសអាស៊ានមួយនេះ បានធ្លាក់ទៅក្នុងភាពវឹកវរ ចាប់តាំងពីរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ ឆ្នាំ២០២១ បានផ្តួលរំលំរដ្ឋាភិបាលស៉ីវិល របស់លោកស្រី Aung San Suu Kyi។ ចាប់តាំងពីពេលនោះមក មនុស្សសរុបជាង៥,២០០នាក់ ត្រូវបានសម្លាប់ អំឡុងការបង្រ្កាបរបស់យោធាលើពួកប្រឆាំង ហើយប្រហែលជាង២៦,០០០នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន បើតាមអង្គការឃ្លាំមើល នៅមីយ៉ាន់ម៉ា៕