(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant កំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពី ដំណាក់កាលបន្ទាប់នៃសង្រ្គាមហ្កាហ្សា និងការកើនឡើងភាពតានតឹងរវាងអ៉ីស្រាអែល ជាមួយក្រុមហេសប៊ូលឡា នៅព្រំដែនលីបង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ ២០២៤។

លោក Gallant នឹងត្រូវជួបរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken។ មុនពេលចាកចេញទៅកាន់ទីក្រុងវ៉ាស៉ីនតោន លោក Gallant បានបញ្ជាក់ថា «យើងបាន​ត្រៀម​ខ្លួន​ចំពោះ​សកម្មភាព​ណា​មួយ​ ដែល​អាច​ត្រូវ​បាន​ស្នើឡើងសម្រាប់ហ្កាហ្សា លីបង់ និង​តំបន់​ផ្សេងទៀត»។ លោក Gallant បន្ថែមថា «ការផ្លាស់ប្តូរទៅរកផែនការ C នៅតំបន់ហ្កាហ្សា គឺមានសារៈសំខាន់ណាស់។ ខ្ញុំនឹងពិភាក្សាអំពីផែនការនេះ ជាមួយក្រុមមន្ត្រីអាមេរិក»

គួរបញ្ជាក់ថា កាលពីដើមខែមិថុនានេះ ក្រុមហេសប៊ូលឡា បានបើកការវាយប្រហារយ៉ាងខ្លាំងក្លាទៅលើទីក្រុង និងទីតាំងយោធារបស់អ៉ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មេបញ្ជាការជាន់ខ្ពស់មួយរបស់ហេសប៊ូលឡា។

រីឯ នៅហ្កាហ្សាវិញ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin etanyahu បាននិយាយថា ការវាយប្រយុទ្ធដ៏ខ្លាំងក្លា របស់យោធាអ៉ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស នៅក្នុងទីក្រុង Rafah នៃភាគខាងត្បូង ជិតបិទបញ្ចប់ហើយ ប៉ុន្តែសង្រ្គាមនឹងមិនបញ្ចប់នោះទេ រហូតទាល់តែក្រុមហាម៉ាស លែងមានសមត្ថភាពគ្រប់គ្រងតំបន់ហ្កាហ្សា៕