(មូស្គូ)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសរុស្ស៉ី បានឱ្យដឹងថាខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារនៅឯវិហារ Orthodox និងប៉ុស្តិ៍ប៉ូលិសមួយកន្លែង នៅក្នុងការវាយប្រហារមួយកើតឡើង ក្នុងទីក្រុងចំនួន២ នៃសាធារណរដ្ឋ Dagestan នៃតំបន់ North Caucasus របស់រុស្ស៉ី កាលពីថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ដោយសម្លាប់អាចារ្យ Orthodox ម្នាក់ និងមន្ត្រីប៉ូលិស ជាច្រើននាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងវីដេអូមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Telegram លោក Sergei Melikov ជាអភិបាលតំបន់ Dagestan បាននិយាយថា «នេះជាថ្ងៃមួយនៃសោកនាដកម្ម សម្រាប់ តំបន់ Dagestan និងប្រទេសជាតិទាំងមូល»។ លោកបន្ថែមថាប៉ូលិស ១៥នាក់ បានក្លាយជាជនរងគ្រោះនៃការបាញ់ប្រហារដែលលោកហៅថាជាអំពើភេរវកម្ម ដោយមិនបានបញ្ជាក់ ថាតើមាន​ប៉ូលិសប៉ុន្មាននាក់ត្រូវបានសម្លាប់ ឬរងរបួសនោះទេ។ ប៉ុន្តែ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី Interfax រាយការណ៍ថាយ៉ាងហោចណាស់មានប៉ូលិស១៥នាក់ ត្រូវបានសម្លាប់ ខណៈមនុស្ស ៦នាក់ ក្នុងចំណោមខ្មាន់កាំភ្លើងត្រូវបានប៉ូលិសបាញ់សម្លាប់ផងដែរ។

គួរបញ្ជាក់ថា មិនមានក្រុមអ្នកណាមួយចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះនោះទេ។ ការវាយប្រហារនេះដែលបានកើតឡើងព្រមពេលជាមួយគ្នាក្នុងទីក្រុង Makhachkala និងទីក្រុង Derbent នៃតំបន់ Dagestan កើតមានឡើងតែជាង ៣ខែប៉ុណ្ណោះ បន្ទាប់ពីមនុស្ស ១៤៥នាក់បានស្លាប់ក្នុងការវាយប្រហារភេរវកម្មមួយដែលក្រុម ISIS អះអាងទទួលខុសត្រូវ នៅឯសាលតន្ត្រីមួយកន្លែង ក្នុងទីក្រុងមូស្គូ៕