(ឡុងដ៏)៖ អាកាសយានដ្ឋាន Manchester ដែលជាអាកាសយានដ្ឋានដែលមមាញឹកបំផុតទីបីរបស់ចក្រភពអង់គ្លេសនៅថ្ងៃអាទិត្យទី ២៣ មិថុនានេះ បានពន្យារពេល ឬលុបចោលជើងយន្តហោះហើរជាច្រើន ដោយសារការដាច់ចរន្តអគ្គិសនី នេះបើយោងតាមក្រុមហ៊ុនដំណើរការព្រលានយន្តហោះ ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។

ក្រុមហ៊ុន Manchester Airports Group ដែលក៏ជាប្រតិបត្តិករអាកាសយានដ្ឋាន London Stansted និង East Midlands ផងដែរនោះ បាននិយាយនៅលើបណ្តាញសង្គមថា អាកាសយានដ្ឋាន Manchester ត្រូវបាន «រងផលប៉ះពាល់ដោយការដាច់ចរន្តអគ្គិសនីដ៏ធំមួយនៅក្នុងតំបន់នៅព្រឹកព្រលឹមថ្ងៃនេះ»។ ក្រុមហ៊ុននេះបានបន្តថា «បញ្ហានេះបានបង្កឲ្យមានការរំខានជាទូទៅ»

ទោះបីជាចរន្តអគ្គិសនីត្រូវបានស្ដារឡើងវិញនៅម៉ោង ៧:៤៥នាទីព្រឹកក៏ដោយ អាកាសយានដ្ឋាននេះបាននិយាយថា ជើងហោះហើរពីស្ថានីយទី១ និង២ ត្រូវបានលុបចោល និងបានជូនដំណឹងដល់អ្នកដំណើរទាំងនោះ មិងឱ្យទៅអាកាសយានដ្ឋាន រហូតដល់មានសេចក្តីជូនដំណឹងបន្ថែម។ ដោយឡែកអ្នកដំណើរដែលគ្រោងនឹងហោះហើរចេញពីស្ថានីយទី៣ គួរតែមកអាកាសយានដ្ឋានដូចធម្មតា ប៉ុន្តែត្រូវបានព្រមានថាអាចនឹងត្រូវពន្យាពេលផងដែរ។

អាកាសយានដ្ឋានក៏បានបញ្ជាក់ផងដែរថា ការដាច់ចរន្តអគ្គិសនីនេះអាចនឹងធ្វើឲ្យឥវ៉ាន់មិនអាចដឹកចេញ ហើយថាខ្លួននឹងធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍ ដើម្បីធានាថាអ្នកដំណើរទទួលបានឥវ៉ាន់របស់ពួកគេ ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ អ្នកដំណើរដែលគ្រោងនឹងមកដល់អាកាសយានដ្ឋាននេះ កំពុងត្រូវបានបង្វែរទៅអាកាសយានដ្ឋានផ្សេងទៀត។

បញ្ហាជាមួយនឹងការផ្គត់ផ្គង់ថាមពលនៅក្នុងតំបន់នេះ ត្រូវបានគេស្មានថាបានប៉ះពាល់ដល់អាកាសយានដ្ឋាន ក៏ដូចជាអគារផ្សេងទៀតនៅក្បែរនោះផងដែរ។ រូបថត និងវីដេអូនៅលើបណ្តាញសង្គម បង្ហាញពីជួរអ្នកដំណើរវែងអន្លាយកំពុងព្យាយាមធ្វើការ check in និងភាពវឹកវរនៅតាមខ្សែក្រវាត់ដឹកឥវ៉ាន់ ខណៈអ្នកដំណើរព្យាយាមស្វែងរកឥវ៉ាន់របស់ពួកគេដោយគ្មានព័ត៌មានបង្ហាញ។

គួរជម្រាបថា ឧស្សាហកម្មទេសចរណ៍របស់ចក្រភពអង់គ្លេស ត្រូវបានរងផលប៉ះពាល់ដោយការរំខានជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងបញ្ហាបច្ចេកទេស និងសកម្មភាពឧស្សាហកម្មដែលប៉ះពាល់ដល់អ្នកដំណើរតាមផ្លូវដែក និងផ្លូវអាកាស។

កាលពីខែមុន ការដាច់ប្រព័ន្ធច្រកទ្វារអន្តោប្រវេសន៍អេឡិចត្រូនិកទូទាំងប្រទេស បានបង្កឲ្យមានការពន្យារពេលយូរសម្រាប់អ្នកដំណើររាប់ពាន់នាក់។ កាលពីខែសីហា ឆ្នាំមុន ប្រទេសនេះក៏បានជួបប្រទះនឹងការរំខាន ដល់ការត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសដ៏ធ្ងន់ធ្ងរបំផុតមួយ ក្នុងរយៈពេលជិតដប់ឆ្នាំដោយសារតែបញ្ហាបច្ចេកទេស៕