(មូស្គូ)៖ សមាជិកសភារុស្ស៉ី លោក Andrei Kartapolov នៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនានេះបានព្រមានថាទីក្រុងមូស្គូ អាចនឹងធ្វើការកែប្រែកាលៈទេសៈនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើការគំរាមកំហែងប្រឆាំងរុស្ស៉ីចេះតែបន្តកើនឡើង។ នេះបើតាមការចេញផ្សាយដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការអត្ថាធិប្បាយរបស់លោក Andrei Kartapolov ដែលជាប្រធានគណៈកម្មាធិការការពារជាតិនៃសភាជាន់ទាបរុស្ស៉ី ត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA និងកើតមានឡើង បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីពេលថ្មីៗនេះ បានព្រមានថាមូស្គូអាចនឹងធ្វើការកែប្រែគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួន ជាមួយការដាក់ចេញលក្ខខណ្ឌដែលតម្រូវ ឱ្យប្រើអាវុធនុយក្លេអ៊ែរ។

តាមរយៈការដកស្រង់សម្ដីដោយ RIA លោក Kartapolov បានលើកឡើងដូច្នេះថា «ប្រសិនបើយើងមើលឃើញថាបញ្ហាប្រឈម និងការគំរាមកំហែងចេះតែបន្តកើនឡើង នោះវាមានន័យថា យើងអាចកែតម្រូវចំណុចមួយចំនួន (នៅក្នុងគោលនយោបាយនុយក្លេអ៊ែរ) ពាក់ព័ន្ធនឹងកាលៈទេសៈនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងការសម្រេចចិត្តដើម្បីប្រើប្រាស់។ ប៉ុន្តែ ជាការពិតណាស់ វាដូចជាលឿនពេកហើយក្នុងការនិយាយឱ្យលម្អិតនៅក្នុងពេលនេះ»។

គួរបញ្ជាក់ថា នៅក្រោមគោលនយោបាយនុយក្លេអ៊ែរឆ្នាំ២០២០របស់រុស្ស៉ី បានកំណត់ថាប្រធានាធិបតីអាចពិចារណាប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងករណីដែលអាយុជីវិតជាតិ ស្ថិតនៅក្រោម ការគំរាមកំហែង។ លោក ពូទីន ក៏ធ្លាប់បានព្រមានដែរថារុស្ស៉ីអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ក្នុងករណីចាំបាច់ បើទោះជាលោកបញ្ជាក់ជាច្រើនដងថាក្នុងពេលបច្ចុប្បន្ន លោកផ្ទាល់មើលមិន ឃើញពីភាពចាំបាច់ត្រូវធ្វើបែបនេះក៏ដោយ៕