(មូស្គូ)៖ នៅថ្ងៃសៅរ៍នេះ ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារទ្រង់ទ្រាយធំមួយតាមផ្លូវអាកាស និងនៅពេលយប់ ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ ២០២៤។

ក្រសួងការពារជាតិបញ្ជាក់ថា រុស្ស៉ីបានកំណត់គោលដៅលើរោងចក្រថាមពលដែលផ្គត់ផ្គង់ដល់ការផលិតសម្ភារៈយោធា ក៏ដូចជាឃ្លាំងរំសេវ។ មីស៉ីលរយៈចម្ងាយឆ្ងាយ ត្រូវបានបាញ់ចេញពីយន្តហោះ និងនាវា រួមជាមួយយន្តហោះដ្រូន សម្រាប់ការវាយប្រហារនេះ។

គួរបញ្ជាក់ថា កន្លងមករុស្ស៉ីនិយាយថា ហេដ្ឋារចនាសម្ព័ន្ធថាមពល គឺជាគោលដៅយោធាស្របច្បាប់ ហើយបដិសេធមិនកំណត់គោលដៅជនស៉ីវិល ឬហេដ្ឋារចនាសម្ព័ន្ធស៉ីវិល។ ចំណែក អ៊ុយក្រែនថា ការវាយប្រហារនៅនិទាឃរដូវនេះ បានបំផ្លាញសមត្ថភាពផលិតថាមពល ប្រហែលពាក់កណ្តាលរបស់ប្រទេស និងបង្ខំឱ្យដាច់ចរន្តអគ្គិសនី៕