(ប៉េកាំង)៖ មហោស្រពភាពយន្តអន្តរជាតិសៀងហៃលើកទី ២៦ ដែលផ្តួចផ្តើមរៀបចំដោយរដ្ឋបាលជាតិភាពយន្តចិន និងសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលប្រជាជនក្រុងសៀងហៃ បានប្រារព្ធធ្វើនៅថ្ងៃទី ១៤ខែមិថុនា ដែលមានរយៈពេល១០ថ្ងៃ។

មហោស្រពភាពយន្តអន្តរជាតិសៀងហៃឆ្នាំនេះធ្វើក្រោមប្រធានបទ "ទីក្រុងនៃភាពយន្ត" ដែលមានវណ្ណកម្មភាពយន្តចំនួនជាង ៣៧00រឿងនៃប្រទេសនិងតំបន់ចំនួន ១០៥ បានចុះឈ្មោះចូលរួមការប្រកួតប្រជែងនេះ។ បន្ទាប់ពីការជ្រើសរើស មានវណ្ណកម្មភាពយន្ត ចំនួន៥០រឿង នៃប្រទេសនិងតំបន់ចំនួន២៩ចូលរួមប្រកួតយកជ័យលាភី ក្នុងនោះ មានភាពយន្តចំនួន ៣៨ រឿងបានចាក់បញ្ចាំង ជាលើកដំបូងលើពិភពលោក។

ទីក្រុងសៀងហៃ ដែលជាគុជបូព៌ានៃប្រទេសចិន បានក្លាយជាវេទិការួមបញ្ចូលគ្នានូវក្តីសុបិន និងការពិតក្នុងរយៈពេលជិត មួយសតវត្សកន្លងមក។ ទីនេះ មានរឿងរ៉ាវជាច្រើន និងជាទីកន្លែងសម្រាប់ផលិតខ្សែភាពយន្ត ដែលទទួលស្គាល់ថាជា "ទីក្រុងភាពយន្ត" មានភាពទាក់ទាញដ៏ពិសេស។ ១៖ ប្រវត្តិសាស្រ្តបានធ្វើឱ្យទីក្រុងសៀងហៃ ក្លាយជាកន្លែងប្រភពនៃឧស្សាហកម្មភាពយន្តចិន។ នៅដើមទសវត្សរ៍ឆ្នាំ១៩២០ ទីក្រុងសៀងហៃបានក្លាយជាមជ្ឈមណ្ឌលនៃខ្សែភាពយន្តចិន ហើយវប្បធម៌ភាពយន្ត បានក្លាយជាមរតកខាងស្មារតី ដែលមិនអាចខ្វះបាននៃទីក្រុងមួយនេះ។

២៖រលកនៃការច្នៃប្រឌិតថ្មីបានប្រមូលផ្ដុំនៅទីនេះ។ ចូលដល់សតវត្សថ្មី ខ្សែសង្វាក់ឧស្សាហកម្មភាពយន្តរបស់ ទីក្រុងសៀងហៃបានឆ្លងកាត់ការផ្លាស់ប្តូរ និងការអភិវឌ្ឍ បង្កើតបានជាខ្សែសង្វាក់អេកូឡូស៊ីឧស្សាហកម្មពេញលេញ ដែលរួមបញ្ចូលការផលិត ការចែកចាយ ការបញ្ចាំង និងការអភិវឌ្ឍជាដើម នេះមិនត្រឹមតែឆ្លុះបញ្ចាំងពីកម្លាំងរឹងមាំ និងកម្លាំងរស់រវើកនៃឧស្សាហកម្មភាពយន្ត របស់ទីក្រុងសៀងហៃប៉ុណ្ណោះទេ ក៏ថែមទាំងបង្ហាញពីទិសដៅអភិវឌ្ឍនាពេលអនាគត នៃឧស្សាហកម្មភាពយន្តរបស់ប្រទេសចិនផងដែរ។

៣៖ការគាំទ្រពីគោលនយោបាយ បានផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការកសាងទីក្រុងភាពយន្ត។ ទីក្រុងសៀងហៃ បាននាំមុខគេក្នុងការរៀបចំ និងកំណត់គោលនយោបាយពាក់ព័ន្ធ ដូចជាការផ្តល់មូលនិធិ និងការគាំទ្រសម្រាប់ឧស្សាហកម្មភាពយន្ត និងការផ្តល់សេវាសម្រាប់ការថតភាពយន្តជាដើមក្នុងប្រទេសចិន។ ៤៖ភាពបរិយាបន្នផ្នែកវប្បធម៌ធ្វើឱ្យទីក្រុងសៀងហៃ មានលក្ខណៈតំបន់ និងអន្តរជាតិ ដែលនាំមកនូវកម្លាំងថាមពលខុសគ្នាដល់ការបង្កើតខ្សែភាពយន្តនិងទូរទស្សន៍។ ទីផ្សារភាពយន្ត របស់ទីក្រុងសៀងហៃ បានរក្សាទិន្នន័យទីផ្សារដូចជា បរិមាណលក់សំបុត្រ ចំនួនចាក់បញ្ចាំង ចំនួនអ្នកទស្សនាភាពយន្ត ចំនួនរោងកុន ចំនួនអេក្រង់ និងចំនួនកៅអីជាដើមនៅលំដាប់ទីមួយ ក្នុងចំណោមទីក្រុងទាំងអស់ក្នុងប្រទេសចិន អស់រយៈពេលជាច្រើនឆ្នាំ។

៥៖ ភាពរាក់ទាក់របស់ទស្សនិកជន គឺជាកម្លាំងចលករខ្លាំងដែលមិនអាចខ្វះបាន នៃទីក្រុងសៀងហៃដែលជាទីក្រុងភាពយន្ត។ ទីក្រុងសៀងហៃ មានបរិយាកាសភាពយន្តយ៉ាងជ្រាលជ្រៅ ទីផ្សារអ្នកប្រើប្រាស់សកម្ម និងទស្សនិកជនគាំទ្រភាពយន្ត ដែលមានចំណេះដឹងផ្នែកវប្បធម៌ខ្ពស់ និងស្តង់ដារសោភ័ណភាព។

ដូច្នេះហើយ ទីក្រុងសៀងហៃ មិនមែនគ្រាន់តែជាទីក្រុងប៉ុណ្ណោះទេ វាក៏ជាភាពយន្តដែលមានជីវិតមួយ ដែលគ្រប់ទីកន្លែង ក៏ពោរពេញដោយសាច់រឿង ហើយគ្រប់ពេលក៏ដើរតួជារឿងផ្សេងៗគ្នា។ នៅទីនេះ មនុស្សគ្រប់រូបអាចរកឃើញនូវពិភពនៃពន្លឺ និងស្រមោលរបស់ខ្លួនឯង ហើយរាល់ក្ដីសុបិនអាចនឹងក្លាយជាការពិត។ នេះគឺទីក្រុងសៀងហៃ ហើយនេះជាភាពទាក់ទាញនៃ "ទីក្រុងភាពយន្ត"៕

(ដោយវិទ្យុមិត្តភាពកម្ពុជា-ចិន)