(លុចសំបួរ)៖ សហភាពអឺរ៉ុប (EU) បានយល់ព្រមជាផ្លូវការនៅថ្ងៃសុក្រ ទី២១ ខែមិថុនានេះ ឲ្យចាប់ផ្តើមកិច្ចចរចាស្តីពីការចូលជាសមាជិករបស់ប្រទេសអ៊ុយក្រែន និងម៉ុលដាវី នាថ្ងៃអង្គារសប្តាហ៍ក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចចរចានេះ ដែលនឹងចាប់ផ្តើមនៅទីក្រុង Luxembourg គឺជាជំហានដ៏សំខាន់មួយសម្រាប់ប្រទេសទាំងពីរ បើទោះបីជាដំណើរការដើម្បីចូលជាសមាជិកពេញលេញនៃប្លុកនេះ ទាមទារពេលវេលាយូរឆ្នាំក៏ដោយ។

អ៊ុយក្រែន និងម៉ុលដាវី បានដាក់ពាក្យស្នើសុំចូលជាសមាជិក EU បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីក្នុងឆ្នាំ ២០២២។ ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប (EU) ក្នុងការចាប់ផ្តើមកិច្ចចរចានេះ ត្រូវបានជំរុញដោយសង្រ្គាមនៅអ៊ុយក្រែន និងបំណងប្រាថ្នារបស់ខ្លួន ក្នុងការពង្រីកសមាជិកភាព និងពង្រឹងស្ថិរភាពនៅក្នុងតំបន់។

គួរបញ្ជាក់ថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង បន្ទាប់ពីមេដឹកនាំសហភាពអឺរ៉ុប បានយល់ព្រមជាគោលការណ៍កាលពីខែធ្នូ ហើយអ៊ុយក្រែន និងម៉ុលដាវី បានបំពេញតាមលក្ខណៈវិនិច្ឆ័យចាំបាច់សម្រាប់ការចាប់ផ្តើមកិច្ចចរចា។ ទោះបីជាមានការព្រួយបារម្ភមួយចំនួន អំពីការរារាំងដំណើរការនេះដោយហុងគ្រី ដែលជាប្រទេសដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ីក៏ដោយ ក៏សហភាពអឺរ៉ុប បានប្តេជ្ញាចិត្តក្នុងការឆ្ពោះទៅមុខជាមួយនឹងដំណើរការនេះ៕