(ប៉េកាំង)៖ នៅពេលដែលសង្រ្គាម ឬជម្លោះផ្ទុះឡើងនៅលើពិភពលោក អង្គការអន្តរជាតិជាច្រើនតែងតែបញ្ជូនអ្នកជំនាញ ទៅកាន់កន្លែងគ្រោះថ្នាក់ទាំងនោះ ដើម្បីជួយសង្គ្រោះជនរងគ្រោះដោយសារសង្រ្គាម។ ក្នុងចំណោមនោះ មានអង្គការមួយជាតំណាងគឺ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម។

នៅពេលទទួលកិច្ចសម្ភាសន៍ពិសេស ជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន លោកស្រី Mirjana Spoljaric Egger ប្រធានគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហមបានថ្លែងថា យើងអាចឃើញថា ស្ថានការណ៍សន្តិសុខស្បៀងអាហារ នៅតំបន់ជាច្រើនលើពិភពលោក កាន់តែអាក្រក់ទៅៗ ជាពិសេសនៅមជ្ឈិមបូព៌ា និងអាហ្វ្រិក ដោយសារតែស្ថានការណ៍អ៊ុយក្រែន ។ ហើយបើតាមការមើលឃើញពីស្ថានការណ៍នៅតំបន់ហ្គាហ្សា យើងអាចមើលឃើញថា ជម្លោះទំនងជាបន្តកើនឡើងនៅ កន្លែងជាច្រើនទៀតជុំវិញពិភពលោក។ រឿងសំខាន់និងចាំបាច់គឺអ្នកដឹកនាំនយោបាយ ត្រូវខិតខំធ្វើការរួមគ្នាដើម្បីស្វែងរកផ្លូវចេញ ហើយផ្លូវចេញនោះ គឺតាមរយៈការចរចានយោបាយ។ មិនថាក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ច ឬក្នុងវិស័យសន្តិភាព និងសន្តិសុខទេ ចិនគឺជាតួអង្គសំខាន់នៅលើពិភពលោក និងក្នុងតំបន់។ ដូច្នេះហើយ យើងសង្ឃឹមថា ប្រទេសចិននឹងបញ្ចេញឥទ្ធិពលរបស់ខ្លួន ដើម្បីជំរុញប្រទេសនានាក្នុងការគោរពច្បាប់មនុស្សធម៌អន្តរជាតិ ព្រោះចិនមានសំឡេងខ្លាំង។

លោកស្រី Mirjana Spoljaric Egger បានថ្លែងថា នៅពេលជួបជាមួយលោក Xi Jinping ប្រធានរដ្ឋចិន អ្វីដែលធ្វើឱ្យ ខ្ញុំចាប់អារម្មណ៍បំផុតគឺ ការយល់ដឹងយ៉ាងជ្រាលជ្រៅ របស់លោក Xi Jinping អំពីមនុស្សធម៌ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់លោក ក្នុងបុព្វហេតុមនុស្សធម៌ និងជំរុញឱ្យគ្រប់មជ្ឈដ្ឋានគោរពច្បាប់មនុស្សធម៌អន្តរជាតិ។ យើងបានពិភាក្សាអំពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាព ហើយក៏បាននិយាយដល់ថា ភាពរុងរឿងមិនអាចបំបែកចេញពីការអភិវឌ្ឍបានទេ ការអភិវឌ្ឍត្រូវការសន្តិភាព និងស្ថិរភាព៕

វិទ្យុមិត្តភាពកម្ពុជាចិន