(ប៉េកាំង)៖ កិច្ចសម្ភាសន៍ជាន់ខ្ពស់លើកនេះ បាននាំមកជូនលោកអ្នក នូវកិច្ចសម្ភាសន៍ជាមួយលោកស្រី Kristalina Georgieva អគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

លោកស្រី Georgieva បានថ្លែងថា ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ ប្រទេសចិនសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យ នៅលើពិភពលោក។ កំណែទម្រង់ និងការបើកចំហបាននាំមក នូវផលប្រយោជន៍ដ៏ធំសម្រាប់ប្រជាជនចិន។ សម្លឹងមើលទៅអនាគត ការធ្វើកំណែទម្រង់ឱ្យបានស៊ីជម្រៅត្រូវបានគេរំពឹងថា នឹងអាចបញ្ចេញសក្តានុពលកំណើននៃការអភិវឌ្ឍបៃតង និងបរិវត្តកម្មឌីជីថល។

ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការរួមបញ្ចូលគ្នានៃកម្លាំងទីផ្សារ និងការចាត់ចែងធនធានអាចបង្កើនផលិតភាពដើមទុន និងផលិតភាពពលកម្ម ប្រកបដោយប្រសិទ្ធភាព ដោយនឹងជួយជំរុញកំណើនសេដ្ឋកិច្ច។ សព្វថ្ងៃនេះ ប្រទេសចិនកំពុងផ្លាស់ប្តូរពី ការអភិវឌ្ឍដោយល្បឿនលឿន ទៅជាការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ តាមខ្ញុំដឹង ថ្នាក់ដឹកនាំចិនប្តេជ្ញាចិត្តធ្វើកំណែទម្រង់ឱ្យបានស៊ីជម្រៅ ដែលនឹងនាំមកនូវ ការអភិវឌ្ឍដ៏រុងរឿងជុំថ្មីដល់ប្រជាជនចិនផងដែរ។

ជោគជ័យរបស់ប្រទេសចិនមិនត្រឹមតែនៅក្នុង ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប្រជាជនទាំងអស់ បានចែករំលែកនូវផ្លែផ្កា នៃការអភិវឌ្ឍផងដែរ។ ខ្ញុំបានទៅទស្សនាប្រទេសជាច្រើននៅជុំវិញពិភពលោក ហើយខ្ញុំបានរកឃើញថា រូបមន្តអភិវឌ្ឍន៍ របស់ប្រទេសចិនកំពុងត្រូវបានចម្លង និងអនុវត្តនៅប្រទេសផ្សេងៗទៀត។ ខ្ញុំបានទៅទស្សនាប្រទេសចិនជាច្រើនដង ហើយអ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍ជាងគេ គឺកម្លាំងរស់រើករបស់ប្រទេសចិន។ ប្រជាជនខិតខំធ្វើការដើម្បីដោះស្រាយបញ្ហា។ ខ្ញុំបានមើលឃើញ ការផ្លាស់ប្តូររបស់ប្រទេសចិននៅរាល់ពេល ដែលខ្ញុំទៅទស្សនាប្រទេសចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន