(ស៉ីដនី)៖ នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក Richard Marles បាននិយាយថា ប្រទេសរបស់លោក មានបំណងចង់​ចាប់ផ្តើមកិច្ចសន្ទនាប្រចាំឆ្នាំឡើងវិញ ជាមួយប្រមុខការពារជាតិរបស់ចិន ដើម្បីកាត់បន្ថយការយល់ច្រឡំគ្នា រវាងយោធានៃប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រោយជំនួបជាមួយនាយករដ្ឋមន្រ្តីចិន លោក Li Qiang នៅទីក្រុងកង់បេរ៉ា នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បាននិយាយថា ប្រទេសទាំងពីរនឹងចាប់ផ្តើមបោះជំហាន ដើម្បីធ្វើឱ្យប្រសើរឡើង នូវការទំនាក់ទំនងរវាងយោធា ក្រោមគោលដៅចៀសវាង ការកើតមានឡើង នៃឧប្បត្តិហេតុផ្សេងៗ ប៉ុន្តែពេលនោះ លោក Albanese មិនបានបញ្ជាក់លម្អិតទេ។

បើតាម លោក Marles ទោះបីកិច្ចសន្ទនាការពារជាតិមួយចំនួន បានបន្តឡើងវិញក៏ដោយ ក្រោយការធ្លាក់ដុនដាបខ្លាំងនៃទំនាក់ទំនង វាមិនទាន់​ត្រូវបានស្តារ ឱ្យដល់កម្រិត ដូចកាលពី១០ឆ្នាំមុននៅឡើយទេ នៅពេលដែលប្រមុខការពារជាតិ ជួបមុខគ្នាជាប្រចាំ។ លោក Marles បានសង្កត់ធ្ងន់ថា ការបន្តកិច្ចសន្ទនាឡើងវិញ រវាងមុខការពារជាតិអូស្រ្តាលី-ចិន នឹងអាចជួយបញ្ចៀសឧប្បត្តិហេតុ ដែលមិនចាំបាច់ ទោះពុំអាចដោះស្រាយបញ្ហាស្នូលស៉ីជម្រៅ ដែលប្រទេសទាំងពីរ អាចមានជាមួយគ្នា ក៏ដោយ។

គួរបញ្ជាក់ថា ក្នុងឧប្បត្តិហេតុមួយ កាលពីខែឧសភាកន្លងទៅ យន្តហោះចម្បាំងចិន១គ្រឿង បានទម្លាក់ផ្កាភ្លើងនៅក្បែរឧទ្ធម្ភាគចក្រយោធា១គ្រឿង របស់អូស្រ្តាលី ក្នុងដែនអាកាសអន្តរជាតិលើតំបន់សមុទ្រលឿង ដែលអូស្រ្តាលីចាត់ទុកជា សកម្មភាពដ៏គ្រោះថ្នាក់មួយ។ ដោយឡែក ចិនបាននិយាយថា វាគឺជាការព្រមាន កុំឱ្យអូស្រ្តាលី បំពានចូលដែនអាកាសរបស់ខ្លួន។ រីឯកាលពីខែវិច្ឆិកា ឆ្នាំមុន អូស្រ្តាលីបានឱ្យដឹងថា នាវាយោធាចិន១គ្រឿង បានបង្ករបួសដល់ ក្រុមអ្នកមុជទឹករបស់ខ្លួន ក្នុងដែនទឹកប្រទេសជប៉ុន តាមរយៈការប្រើប្រាស់ប្រព័ន្ធសូណា។

លោក Liu Jianchao ប្រធាននាយកដ្ឋានអន្តរជាតិ នៃគណបក្សកុម្មុយនិស្តចិន បាននិយាយអំឡុងទស្សនកិច្ចមួយ មកកាន់ប្រទេសអូស្រ្តាលី កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ថា សកម្មភាពរបស់យោធាអូស្រ្តាលី នៅឯតំបន់សមុទ្រចិនខាងត្បូង ក៏ដូចជាសមុទ្រចិនខាងកើត ហាក់ដូចជា​កិច្ចប្រឹងប្រែងមួយ ដើម្បីរាំងខ្ទប់ឥទ្ធិពលរបស់ចិន ខណៈការលើកឡើងនោះ ត្រូវបានអូស្រ្តាលីច្រានចោល៕