(សេអ៊ូល)៖ ក្រសួងការបរទេសទីក្រុងសេអ៊ូល បានចេញសេចក្តីថ្លែងការណ៍នាថ្ងៃសុក្រនេះថា រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yul និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានរួមគ្នាថ្កោលទោសលើ សន្ធិសញ្ញាថ្មីរវាងរុស្ស៉ីនិងកូរ៉េខាងជើង ថាជាការគំរាមកំហែងធ្ងន់ធ្ងរមួយ ចំពោះសុខសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤។

ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា ក្នុងកិច្ចសន្ទនាមួយតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រមុខការទូតទាំងពីររូប ក៏បានជជែកផងដែរ អំពីមធ្យោបាយដើម្បីឆ្លើយតប ចំពោះការចុះសន្ធិសញ្ញាខាងលើ និងបានយល់ស្របគ្នា តាមដានស្ថានការណ៍ឱ្យដិតដល់។ លោក Blinken បាននិយាយថា សហរដ្ឋអាមេរិកគាំទ្រ ចំណាត់ការឆ្លើយតបរបស់កូរ៉េខាងត្បូង ចំពោះសន្ធិសញ្ញានោះ ដែលបានចែងថា ទីក្រុងមូស្គូនិងព្យុងយ៉ាង នឹងផ្តល់ជំនួយយោធាភ្លាមៗ ដល់គ្នាទៅវិញទៅមក ប្រសិនបើភាគីណាមួយ ប្រឈមការឈ្លានពានប្រដាប់អាវុធ។ លោករដ្ឋមន្រ្តីការបរទេសអាមេរិក បានបន្តថា សហរដ្ឋអាមេរិកផ្ទាល់ នឹងពិចារណាលើមធ្យោបាយផ្សេងៗ ដើម្បីឆ្លើយតបការគំរាមកំហែង ចំពោះសន្តិភាពនិងស្ថិរភាពអន្តរជាតិ ពីសំណាក់រុស្ស៉ីនិងកូរ៉េខាងជើង។

គួរបញ្ជាក់ថា បើតាមទស្សនៈរបស់លោក Cho កិច្ចសហប្រតិបត្តិការណាមួយក៏ដោយ ដែលជួយពង្រឹងសមត្ថភាពយោធារបស់ប្រទេសកូរ៉េខាងជើង គឺជាការរំលោភបំពានយ៉ាងច្បាស់ លើសេចក្តីសម្រេចទាំងឡាយ របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ កាលពីថ្ងៃព្រហស្បតិ៍ លោក Chang Ho-jin ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង ក៏បានលើកឡើងដែរថា ទីក្រុងសេអ៊ូល នឹងពិនិត្យមើលលទ្ធភាពផ្គត់ផ្គង់​សព្វាវុធដល់អ៊ុយក្រែន ដើម្បីឆ្លើយតបចំពោះសន្ធិសញ្ញា ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងកូរ៉េខាងជើងនិងរុស្ស៉ី៕