(មូស្គូ)៖ ជម្រើសធ្វើពាណិជ្ជកម្មរុស្ស៉ី-ចិនកាន់តែចង្អៀត គិតចាប់តាំងពីសហរដ្ឋអាមេរិកបានដាក់ចេញនូវទណ្ឌកម្មថ្មី កាលពីសប្តាហ៍មុន ទៅលើសាខាធនាគាររុស្ស៉ីតែមួយគត់នៅក្នុងប្រទេសចិន ប៉ុន្តែដំណើរទស្សនកិច្ចនៅចិនរបស់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន កាលពីខែមុន បានជួយឱ្យប្រទេសទាំងពីរមានដំណោះស្រាយថ្មី ក្នុងការទូទាត់ប្រាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ ២០២៤។

ប្រភពចំនួន ៣បានប្រាប់ Reuters ថា ចាប់តាំងពីលោក ពូទីន ទៅចិនកាលពីខែមុន ព្រមទាំងការបើកធនាគារពិសេសមួយ នៅតំបន់ព្រំដែន ដែលអនុញ្ញាតឱ្យក្រុមហ៊ុនរុស្ស៉ីបើកគណនីបរទេសក្នុងធនាគារចិន បានក្លាយជាវិធានការមួយដ៏សំខាន់ក្នុងការជួយដល់សាខាធនាគា VTB របស់រុស្ស៉ី នៅទីក្រុងស៊ាងហៃ ដែលរងដាក់​ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ពាណិជ្ជកម្មរវាងរុស្ស៉ី និងចិន បានកើនឡើងដល់ ២៤០ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣ ហើយការរក្សាលំហូរនៃប្រាក់ចំណូល និងទំនិញដែលមានសារៈសំខាន់សម្រាប់វិមានក្រឹមឡាំងបាន នោះគឺអាស្រ័យលើការទូទាត់ប្រាក់ដោយរលូន។ ការប្រើប្រាស់ធនាគារនៅក្នុងតំបន់ព្រំដែន បានបង្កលក្ខណៈងាយស្រួល សម្រាប់អ្នកដែលធ្វើការក្នុងនាមក្រុមហ៊ុនរុស្ស៉ី។ គម្រោងធ្វើការជាមួយធនាគារតូចៗក្នុងទំហំកំណត់ ឬដែលគ្មានអាជីវកម្មជាមួយបណ្តាប្រទេសដែលរុស្ស៉ីចាត់ទុកថា មានគោលជំហរមិនរាក់ទាក់ ក៏អាចជួយកាត់បន្ថយហានិភ័យនៃការធ្លាក់ចុះ សម្រាប់ប្រទេសចិនផងដែរ។

គួរបញ្ជាក់ថា នៅក្រោមទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ទីក្រុងមូស្គូ និងប៉េកាំងត្រូវចាត់វិធានការស្មុគស្មាញកាន់តែខ្លាំងឡើង ដើម្បីធានាថាការទូទាត់ប្រាក់ទ្វេភាគីនៅតែបន្តដំណើរការទៅបាន ប៉ុន្តែក្នុងពេលជាមួយគ្នានោះ ក៏លេចចេញនូវក្រុមហ៊ុនហិរញ្ញវត្ថុចិនមួយចំនួន ដែលជាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ខណៈពួកគេកំពុងសម្លឹងរកការគេចវេសពីការរឹតបន្តឹង៕