(កៀវ)៖ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសដាក់ចេញនូវវិធានការដើម្បីការពារប្រព័ន្ធថាមពលរបស់អ៊ុយក្រែន រួមទាំងបណ្តាញដែលស្ថិតនៅក្រោមការវាយប្រហារពីរុស្ស៉ី និងការអភិវឌ្ឍប្រភពថាមពលកកើតឡើងវិញ សម្រាប់យកមកធ្វើជាប្រភពថាមពលជំនួស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ ២០២៤។

ការវាយប្រហារដោយយន្តហោះដ្រូន និងមីស៉ីលរបស់រុស្ស៉ី ប៉ះពាល់ប្រហែលពាក់កណ្តាលនៃសមត្ថភាពផលិតថាមពលអ៊ុយក្រែន ចាប់តាំងពីខែមីនា ឆ្នាំមុន ខណៈដែលការវាយប្រហារកាលពីយប់ថ្ងៃព្រហស្បតិ៍ លើតំបន់ចំនួន ៤របស់អ៊ុយក្រែន បណ្តាលឱ្យមនុស្សជាង ២១៨,០០០នាក់ គ្មានអគ្គិសនីប្រើប្រាស់។ នៅក្នុងសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី បញ្ជាក់ថា «អាយុជីវិត​ប្រជាជន​អ៊ុយក្រែន​ត្រូវ​តែ​ការពារ ហើយវាក៏​រួម​បញ្ចូល​ទាំង​បញ្ហាសន្តិសុខ​ថាមពលជាពិសេសផងដែរ»

លោក ហ្សេលេនស្គី បានដាក់ចេញនូវផែនការដើម្បីគ្រប់គ្រងផលប៉ះពាល់ចំពោះហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ក្នុងនោះរួមមានកម្មវិធីអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ កន្លែងស្តុកថាមពល និងការស្វែករកប្រភពថាមពលមកជំនួស។ បើតាមលោក ហ្សេលេនស្គី ការងារនេះត្រូវតែបញ្ចប់មុនរដូវរងា ហើយមុនពេលដែលតម្រូវការថាមពលកើនឡើង នៅពេលរដូវកាលផ្លាស់ប្តូរ។

គួរបញ្ជាក់ថា រុស្ស៉ីបានវាយលុកលើប្រព័ន្ធថាមពលរបស់អ៊ុយក្រែន ក្នុងរដូវរងាដើមទីនៃសង្រ្គាម នាខែកុម្ភៈ ឆ្នាំ ២០២២ ខណៈអ៊ុយក្រែនមានមីស៊ីលការពារដែនអាកាសតិចតួចប៉ុណ្ណោះនៅក្នុងស្តុក ផ្គត់ផ្គង់ដោយលោកខាងលិច៕