(ហាណូយ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកចង់កសាង «ក្របខណ្ឌសន្តិសុខ» ដែលអាចទុកចិត្តបាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកនៅតំបន់អាស៊ី ដែលត្រូវបានគេមើលឃើញថា ជាការបង្ហាញពីការផ្គើនទៅនឹងលោកខាងលិច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០​ ខែមិថុនា ឆ្នាំ២០២៤។

នៅវៀតណាម លោក ពូទីន ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ ជាមួយនឹងការបាញ់កាំភ្លើងធំចំនួន២១ដង និងទទួលបានការកោតសរសើរ ពីមេដឹកនាំកុម្មុយនិស្តវៀតណាម បើទោះបីជាមានការរិះគន់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលប្រឆាំងនឹងការទទួលស្វាគមន៍លោក ​ជុំវិញសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែនក៏ដោយ។

រុស្ស៊ី និងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើបញ្ហាផ្សេងៗ រួមទាំងថាមពល ដែលជាចំណុចស្នូលយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅអាស៊ី បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ លោក ពូទីន បានសម្តែងការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យស៊ីជម្រៅ នូវភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយវៀតណាម ព្រមទាំងបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកទេស ការពារជាតិ សន្តិសុខ និងមនុស្សធម៌ផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីបានដកស្រង់សម្តីរបស់លោក ពូទីន ដោយនិយាយថា ប្រទេសទាំងពីរមានចំណាប់អារម្មណ៍ក្នុង «ការអភិវឌ្ឍរចនាសម្ព័ន្ធសន្តិសុខដែលអាចទុកចិត្តបាន» នៅក្នុងតំបន់ ដោយឈរលើមូលដ្ឋាននៃការមិនប្រើកម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធី និងជៀសវាងបង្កើតប្លុកនយោបាយយោធាបិទជិត។

គួរជម្រាបថា ទោះបីជាកិច្ចព្រមព្រៀងនៅវៀតណាមមិនសំខាន់ ដូចកិច្ចព្រមព្រៀងជាមួយកូរ៉េខាងជើងក៏ដោយ ប៉ុន្តែការទទួលស្វាគមន៍របស់ លោក ពូទីន នៅទីក្រុងហាណូយត្រូវបានគេមើលឃើញថាជា «ជោគជ័យផ្នែកការទូតដ៏ធំមួយ» នៅចំពោះមុខនឹងការខិតខំប្រឹងប្រែងរបស់លោកខាងលិចដើម្បីធ្វើឱ្យរុស្ស៉ីឯកោ។ ហើយអ្នកវិភាគបានយល់ឃើញថា ទោះចង់ ឬមិនចង់ដំណើរទស្សនកិច្ចនេះបានបង្ហាញឱ្យរូបភាពថា ការដាក់ទណ្ឌកម្មរបស់លោកខាងលិច និងការប៉ុនប៉ងធ្វើឱ្យរុស្ស៉ីឯកោ គឺមិនដំណើរការ៕