(ម៉ានីល)៖ យុទ្ធនាការសម្ងាត់របស់សហរដ្ឋអាមេរិក ដែលត្រូវបានគេចោទប្រកាន់ថា មានគោលបំណងបំផ្លាញទំនុកចិត្តលើវ៉ាក់សាំងចិន ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ បានបង្កឲ្យមានការខកចិត្ត និងកំហឹងក្នុងចំណោមបុគ្គលិកសុខាភិបាលហ្វីលីពីន ដែលនិយាយថា ការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង បានរារាំងពួកគេពីការជួយសង្គ្រោះមនុស្សជាច្រើនពាន់នាក់ ក្នុងចំណោមមនុស្សរាប់ម៉ឺននាក់ដែលបានស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។

ការស៊ើបអង្កេតរបស់ទីភ្នាក់ងារ Reuters ដែលបានចុះផ្សាយកាលពីសប្តាហ៍មុនបានរកឃើញថា យោធាអាមេរិកបានបើកយុទ្ធនាការឃោសនាសម្ងាត់ កំលុងពេលរាតត្បាតដល់កម្រិតកំពូល នៃជំងឺកូវីដ-១៩ នៅហ្វីលីពីន ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង Sinovac របស់ចិន ក៏ដូចជាជំនួយសង្គ្រោះជីវិតផ្សេងទៀតដែលផ្គត់ផ្គង់ដោយទីក្រុងប៉េកាំង។

យុទ្ធនាការនេះ ដែលបានចាប់ផ្តើមនៅឆ្នាំ ២០២០ និងបន្តរហូតដល់ពាក់កណ្តាលឆ្នាំ ២០២១ ដែលពាក់ព័ន្ធនឹងគណនីបណ្តាញសង្គមក្លែងក្លាយ ដោយ Reuters បានកំណត់អត្តសញ្ញាណយ៉ាងហោចណាស់ ៣០០គណនីមាននៅលើបណ្តាញសង្គម X ដែលត្រូវបានបង្កើតឡើង ដើម្បីបង្កឱ្យមានការសង្ស័យអំពីសុវត្ថិភាពរបស់វ៉ាក់សាំង Sinovac ក្នុងចំណោមជនជាតិហ្វីលីពីន។ របាយការណ៍ Reuters បានចោទប្រកាន់ថា យុទ្ធនាការនេះគឺជាការសងសឹក ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការបន្ទោសទីក្រុងវ៉ាស៊ីនតោនចំពោះជំងឺរាតត្បាតនេះ។

គួរជម្រាបថា Sinovac គឺជាវ៉ាក់សាំងកូវីដ-១៩ ដំបូងគេដែលដាក់ឱ្យប្រើប្រាស់នៅហ្វីលីពីន ត្រូវបានរំខានដោយការភ័យខ្លាច អំពីភាពមិនអាចទុកចិត្តបានរបស់វា។ ការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងក្នុងចំណោមជនជាតិហ្វីលីពីន គឺខ្ពស់ជាងបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់ ដោយស្ទើរតែពាក់កណ្តាលមិនព្រម ឬមិនប្រាកដថាតើពួកគេគួរតែត្រូវបានចាក់វ៉ាក់សាំងឬអត់ គិតត្រឹមខែកញ្ញា ឆ្នាំ ២០២១ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក។

បុគ្គលិកសុខាភិបាលជួរមុខ ដែលបានបម្រើការនៅមន្ទីរពេទ្យ Philippine General Hospital ដែលជាមន្ទីរពេទ្យសំខាន់របស់ប្រទេស សម្រាប់ការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ បាននិយាយថា វាបានកើតឡើងក្នុងតម្លៃនៃជីវិតរបស់ជនជាតិហ្វីលីពីន។

លោក Bryan Elvambuena ដែលជាគ្រូពេទ្យម្នាក់ក្នុងនៅមន្ទីរពេទ្យ PGH ក្នុងឆ្នាំ ២០២០ បាននិយាយថា មនុស្សជាច្រើនអាចនឹងនៅរស់រានមានជីវិតបាន ប្រសិនបើមិនមែនដោយសារព័ត៌មានមិនពិត។ លោកជឿជាក់ថា វាបានជះឥទ្ធិពលដល់អ្នកជំងឺរបស់លោក ដែលភាគច្រើនមានជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ។ លោកបាននិយាយទាំងសោកស្តាយថា «ខ្ញុំពិតជាខកចិត្តយ៉ាងខ្លាំង និងយល់ថាវាជារឿងគួរឲ្យស្ដាយណាស់ ដោយសារយើងបានព្យាយាមអស់ពីសមត្ថភាពដើ ម្បីឱ្យប្រជាជនបានចាក់វ៉ាក់សាំងដែលយើងមាន»។

ចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតនៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់ជាង ៦៦,០០០នាក់ ដែលធ្វើឱ្យវាក្លាយជាចំនួនខ្ពស់បំផុតទីពីរនៅអាស៊ីអាគ្នេយ៍បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី៕