(ប៉េកាំង)៖ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែមិថុនា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសអូស្ត្រាលី។ ភាគីទាំងពីរបានចេញផ្សាយ《សេចក្តីថ្លែងការណ៍ស្តីពីសមិទ្ធផលរួម នៃកិច្ចជំនួបពិភាក្សាប្រចាំឆ្នាំរវាង នាយករដ្ឋមន្ត្រីចិននិងអូស្ត្រាលី》ដែលបានឈានដល់កិច្ចសហប្រតិបតិ្តការមួយចំនួនក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជនជាដើម ។ លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលីបានអះអាងថា ដំណើរទស្សនកិច្ចលើកនេះគឺជា "ជំហានដ៏សំខាន់ណាស់មួយ"សម្រាប់លំនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

សូមបញ្ជាក់ថា ឆ្នាំនេះគឺជាខួបទី ១០ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋចិន Xi Jinping នៅប្រទេសអូស្ត្រាលី និងជាការបង្កើត ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងអូស្ត្រាលី។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងចិននិងអូស្ត្រាលី មានបម្រែបម្រួលយ៉ាងខ្លាំង។ មូលហេតុសំខាន់ គឺ ដោយសារក្នុងអំឡុងពេលរដ្ឋាភិបាល ពីរអាណតិ្តមុនកាន់អំណាច អូស្ត្រាលីបានធ្វើតាមសហរដ្ឋអាមេរិក ដែលបានលាបពណ៌ប្រទេសចិន លើបញ្ហាដូចជា ការកសាងបណ្តាញសេវា 5G ភូមិភាគស៊ីនជាំងនិងសមុទ្រចិនខាងត្បូងជាដើម ដែលបណ្តាលឱ្យទំនាក់ទំនងទ្វេភាគី ធ្លាក់ក្នុងភាពជាប់គាំង។

បន្ទាប់ពីរដ្ឋាភិបាលគណបក្សការងារអូស្ត្រាលី កាន់អំណាចកាលពីខែឧសភា ឆ្នាំ ២០២២ បានកែតម្រូវគោលនយោបាយ ចំពោះប្រទេសចិន ជាថ្មីឡើងវិញ ហើយទំនាក់ទំនងរវាងចិននិងអូស្ត្រាលី បានចាប់ផ្តើមប្រែមកជាល្អវិញ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ និងខែវិច្ឆិកា ឆ្នាំ ២០២៣ លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី Anthony Albanese នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី និងទីក្រុងប៉េកាំងដោយឡែកពីគ្នា ដោយបានឈានដល់គំនិតឯកភាពរួម ដ៏សំខាន់ស្តីពីការលំនឹងនិងធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ ក្នុងបរិបទបែបនេះ ដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីចិន នៅប្រទេសអូស្ត្រាលីលើកនេះបានបន្តនិន្នាការល្អប្រសើរ ប្រកបដោយស្ថិរភាពនៃទំនាក់ទំនងទ្វេភាគី ។

តើទំនាក់ទំនងរវាងចិននិងអូស្ត្រាលី អាចរក្សានិងអភិវឌ្ឍឱ្យបានល្អនូវនិន្នាការវិជ្ជមាន ដែលបានមកដោយមិនងាយទេតាមរបៀបណា? បទពិសោធនិងការបំផុសគំនិតដ៏សំខាន់បំផុត គឺ ត្រូវប្រកាន់ខ្ជាប់ នូវគោលការណ៍គោរពគ្នាទៅវិញទៅមក ស្វែងរកគំនិតឯកភាពរួម និងរក្សាទុកការខ្វែងគំនិតមួយអន្លើ និងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមក។

គន្លឹះនៃទំនាក់ទំនងរវាងប្រទេសនិងប្រទេស គឺស្ថិតនៅលើការគោរពសភាពការណ៍ជាតិ និងផលប្រយោជន៍ជាស្នូលរៀងៗខ្លួន។ ក្នុងកិច្ចជំនួបពិភាក្សាប្រចាំឆ្នាំរវាងនាយករដ្ឋមន្ត្រីចិន និងអូស្ត្រាលីលើកនេះ ភាគីអូស្ត្រាលីបានថ្លែងថា នឹងប្រកាន់ខ្ជាប់ គោលនយោបាយចិនតែមួយ មិនគាំទ្រ "តៃវ៉ាន់ឯករាជ្យ" មិនឱ្យការខ្វែងគំនិតកំណត់ នូវនិយមន័យនៃទំនាក់ទំនងទ្វេភាគី ដើម្បីជំរុញទំនាក់ទំនងរវាងចិននិងអូស្ត្រាលី ទទួលបានការកែលម្អនិងអភិវឌ្ឍជាបន្តបន្ទាប់។ ប្រសិនបើការបង្ហាញឥរិយាបថទាំងនេះ ត្រូវបានអនុវត្តយ៉ាងពិតប្រាកដ នោះ វានឹងពង្រឹងមូលដ្ឋានគ្រឹះនៃការជឿទុកចិត្តគ្នាទៅវិញទៅមក រវាងប្រទេសចិននិងអូស្ត្រាលី ដោយឥតឈប់ឈរ។

ឧត្តមភាពផ្នែកសេដ្ឋកិច្ចចិននិងអូស្ត្រាលី មានការបំពេញបន្ថែមគ្នាទៅវិញទៅមក ពោលគឺជាដៃគូសហប្រតិបត្តិការដ៏សំខាន់ ។ ប្រទេសចិនរក្សាឋានៈជាដៃគូពាណិជ្ជកម្ម ទីផ្សារនាំចេញនិងជាប្រភពនាំចូលធំទីមួយ នៃប្រទេសអូស្ត្រាលីក្នុងរយៈពេល ១៥ ឆ្នាំជាប់ៗគ្នា។ នៅឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មរវាងចិននិងអូស្ត្រាលីបានឡើងដល់ ២២៩,២ ពាន់លានដុល្លារអាមេរិក ដែលមានចំនួនអតិរេកជិត ៨០ ភាគរយក្នុងពាណិជ្ជកម្មរបស់ខ្លួន បានមកពីការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន។

លើកនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាដើម្បីជំរុញថែមមួយកម្រិតទៀត នូវការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិននិងអូស្ត្រាលីដែលបានក្លាយជាចំណុចលេចធ្លោមួយ នៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ។ ក្នុងបរិបទបច្ចុប្បន្នដែលការគាំពារនិយមខាងពាណិជ្ជកម្មសកលបានងើបឡើងវិញ ការដែលប្រទេសចិននិងអូស្ត្រាលី ចុះហត្ថលេខាលើអនុស្សរណៈលើកនេះ បានចាត់ទុក "ការជំរុញ" និង "ការអនុវត្ត" ជាពាក្យគន្លឹះ វាមិនត្រឹមតែមានអំណោយផលដល់ភាគីទាំងពីរ ក្នុងការអនុវត្តយ៉ាងប្រាកដប្រជា នួវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀតប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញពីការបេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញកិច្ចកសាងសេដ្ឋកិច្ចពិភពលោក បែបបើកទូលាយផងដែរ ។ លើសពីនេះទៅទៀត ប្រទេសចិនបានថ្លែងបន្តថា រីករាយត្រួសត្រាយយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការ ក្នុងវិស័យរថយន្តថាមពលថ្មី និងការផលិតថាមពលអគ្គិសនីដើរដោយថាមពលអាចកកើតឡើងវិញជាដើមដែលនឹងបំពេញបន្ថែមកម្លាំងចលករថ្មីដល់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ។

B Robin, [06/20/2024 10:35 AM]
ប្រទេសចិននិងអូស្ត្រាលី សុទ្ធតែជាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលគ្មានគំនុំប្រវត្តិសាស្ត្រ និងការប៉ះទង្គិចខាង ផលប្រយោជន៍ជាមូលដ្ឋាន ផ្ទុយទៅវិញ ប្រទេសទាំងពីរមានគំនិតឯកភាពរួមយ៉ាងទូលំទូលាយ គួរធ្វើកិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការដើម្បីគាំពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ ។ បន្ទាប់ពីឆ្លងកាត់ឧបសគ្គផ្ទួនៗ ប្រទេសចិននិងអូស្ត្រាលី បានដើរតាមមាគ៌ាដ៏ត្រឹមត្រូវនៃការកែលម្អ និងអភិវឌ្ឍទំនាក់ទំនង ដែលមិនត្រឹមតែសមស្របនឹងផលប្រយោជន៍រួម របស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏ជាតម្រូវការនៃការគាំពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន