(សេអ៊ូល)៖ ក្រសួងការពារជាតិនៃទីក្រុងសេអ៊ូល បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា ប្រទេសរូម៉ានី នឹងទិញប្រព័ន្ធកាំភ្លើងធំ K-9 howitzer ក្រោមកិច្ចព្រមព្រៀងមួយ មានទំហំរហូតដល់ ៩២០លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤។

កិច្ចព្រមព្រៀងទិញ-លក់សព្វាវុធខាងលើ ត្រូវបានប្រកាសក្នុងជំនួបរវាង រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik និង​ប្រមុខការពារជាតិរូម៉ានី គឺលោក Angel Tilva អំឡុងដំណើរបំពេញទស្សនកិច្ចរបស់លោក Shin ទៅកាន់ប្រទេសអឺរ៉ុបខាងកើត​មួយនេះ។ កាលពីខែមេសាកន្លងទៅ មេដឹកនាំកូរ៉េខាងត្បូងនិងរូម៉ានី បានបើកកិច្ចប្រជុំកំពូលទ្វេភាគីមួយ និងបានសន្យាបង្កើន​កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបន្តថា ការសម្រេចចិត្តរបស់រូម៉ានី ក្នុងការទិញកាំភ្លើងធំ K-9 howitzer ដែលជាការបោះជំហាន​ដើរតាមប៉ូឡូញ នឹងជួយពង្រីកមុខមាត់ឧស្សាហកម្មការពារជាតិរបស់កូរ៉េខាងត្បូង នៅក្នុងទ្វីបអឺរ៉ុប ខណៈប្រទេសអាស៉ីបូព៌ាមួយនេះ កំពុងព្យាយាមកសាងខ្លួនឱ្យក្លាយជា អ្នកនាំចេញសព្វាវុធធំជាងគេលំដាប់ទី៤ របស់ពិភពលោក។

គួរបញ្ជាក់ថា លោក Shin ក៏បានបន្តដំណើរទៅដល់ប៉ូឡូញ ដើម្បីបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃផងដែរ ជាទីដែលរូបលោកត្រូវជួប​ លោក Wladyslaw Kosiniak-Kamysz ដែលជារដ្ឋមន្រ្តីការពារជាតិ និងជាឧបនាយករដ្ឋមន្រ្តីប៉ូឡូញ ដើម្បីពិភាក្សាគ្នាអំពី​កិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធឧស្សាកម្មការពារជាតិ និងសព្វាវុធ៕