(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី និងកូរ៉េខាងត្បូង បានរាយការណ៍ថា អំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅឯទីក្រុងព្យុងយ៉ាង កាលពីថ្ងៃពុធសប្តាហ៍នេះ រូបលោកបានប្រគល់ រថយន្តប្រណិតរុស្ស៉ី Aurus ១គ្រឿងទៀត ជាកាដូដល់ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយលោក ពូទីន ក៏បានទទួលអំណោយសុនខ២ក្បាល ពីលោក គីម វិញផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤។

លោក ពូទីន បានផ្តល់កាដូរថយន្ត Aurus ១គ្រឿងដំបូងដល់លោក គីម ជុងអ៊ុន កាលពីខែកុម្ភៈ ឆ្នាំនេះ បន្ទាប់ពីលោក គីម បានបំពេញទស្សនកិច្ចទៅកាន់ តំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ីកាលពីខែកញ្ញា ឆ្នាំមុន ហើយពេលនោះ លោក ពូទីន បានបង្ហាញរថយន្ត Aurus ១គ្រឿង ដល់មេដឹកនាំកូរ៉េខាងជើង។ រថយន្ត Aurus គឺជារថយន្តធ្វើដំណើរផ្លូវការរបស់ប្រធានាធិបតីរុស្ស៉ី។ទីក្រុងព្យុងយ៉ាង លោក ពូទីន និងលោក គីម ក៏បានជិះរថយន្ត Aurus ជាមួយគ្នា ហើយឆ្លាស់វេនបើកបរផងដែរ នៅទីក្រុងព្យុងយ៉ាង។

លោក គីម ត្រូវគេជឿថា ជាបុគ្គលដែលស្រឡាញ់ចូលចិត្តរថយន្តប្រណិត។ លោក មានរថយន្តប្រណិតៗផលិតដោយបរទេស​ជាច្រើនគ្រឿង ដែលទំនងជា ត្រូវបានលួចនាំចូល ដ្បិតទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ហាមឃាត់ការនាំចេញទំនិញប្រណិតៗ ចូលទៅកាន់ប្រទេស​កូរ៉េខាងជើង។ លោក គីម ធ្លាប់ត្រូវគេប្រទះឃើញ ជិះក្នុងរថយន្តប្រភេទដូចជា Maybach, Mercedes, Rolls-Royce Phantom និង Lexus SUV ជាដើម។

ដោយឡែក ជាអំណោយពីលោក គីម ជុងអ៊ុន វិញ គឺលោក ពូទីន ទទួលបានសុនខពូជ Pungsan របស់កូរ៉េខាងជើង ចំនួន២ក្បាល។ លោកប្រធានាធិបតីរុស្ស៉ី ត្រូវគេស្គាល់ថា ជាមនុស្សស្រឡាញ់សត្វសុនខជាខ្លាំង។ នៅកូរ៉េខាងជើង មេដឹកនាំទាំងពីរ បានចុះសន្ធិសញ្ញាស្តីពី ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលក្នុងនោះរួមមាន ការកំណត់ឱ្យមានការផ្តល់ជំនួយយោធានានាដែលមាន ប្រសិនបើរុស្ស៉ីឬកូរ៉េខាងជើង រងការឈ្លានពានប្រដាប់អាវុធពីសត្រូវ។

គួរបញ្ជាក់ថា ដោយឡែក នាថ្ងៃព្រហស្បតិ៍នេះ លោក ពូទីន កំពុងស្ថិតនៅប្រទេសវៀតណាម ដើម្បីបំពេញទស្សនកិច្ចបន្តទៀត ក្រោយចាកចេញពីកូរ៉េខាងជើង៕