(អាថែន)៖ រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសក្រិក លោក George Gerapetritis បាននិយាយថា អឺរ៉ុបមានតួនាទីជួយសង្រ្គោះកុមារ ដែលរងការឈឺចាប់ និងរបួសដោយសារតែសង្រ្គាមក្នុងតំបន់ហ្កាហ្សា ដរាបណាជម្លោះនៅតែបន្ត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ ២០២៤។

លោក Gerapetritis ក៏បាននិងកំពុងស្វែងរកដៃគូ ក្នុងក្តីរំពឹងថានឹងបង្កើតគម្រោងបណ្តោះអាសន្នមួយ ដើម្បីនាំយកកុមារពីតំបន់ហ្កាហ្សា ទៅកាន់សហភាពអឺរ៉ុប ដោយនិយាយថា លោកនឹងពិភាក្សាអំពីគំនិតនេះ ជាមួយនាយករដ្ឋមន្រ្តីប៉ាឡេស្ទីន លោក Mohammad Mustafa នៅក្នុងសប្តាហ៍នេះ។ លោក Gerapetritis​ គូសបញ្ជាក់ថា «យើងត្រូវការប្រឈមមុខនឹងសោដនាកម្មនេះ យ៉ាងពិតប្រាកដ។ អឺរ៉ុប គួរតែទទួលយកអ្នករងរបួសមកពីហ្កាហ្សា ប៉ុន្តែក៏ចំពោះកុមារដែលឥឡូវនេះ កំពុងប្រឈមនឹងគ្រោះទុរ្ភិក្ស ឬគ្រោះថ្នាក់ផ្សេងៗផងដែរ»

គួរបញ្ជាក់ថា កាលពីដើមខែនេះ ប្រទេសក្រិក ត្រូវបានបោះឆ្នោត ឱ្យក្លាយជាសមាជិករបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាប់ឆ្នាំ ២០២៥ រហូតឆ្នាំ ២០២៦ ហើយលោក Gerapetritis ជឿជាក់ថា ទំនាក់ទំនងជាប្រវត្តិសាស្រ្តរបស់ក្រិក ជាមួយពិភពអារ៉ាប់ នឹងផ្តល់នូវភាពជឿជាក់ឱ្យក្រិក ក្នុងការដើរតួជាអ្នកតំណាងសន្តិភាព៕