(អូតាវ៉ា)៖ រដ្ឋាភិបាលទីក្រុងអូតាវ៉ា កាលពីថ្ងៃពុធសប្តាហ៍នេះ បានកត់ឈ្មោះកងកម្លាំងឆ្មាំបដិវត្តន៍របស់អ៉ីរ៉ង់ ចូលក្នុងបញ្ជីអង្គការភេរវករ ហើយទន្ទឹមគ្នានោះ បានចេញសេចក្តីណែនាំឱ្យជនជាតិកាណាដាទាំងអស់ ចាកចេញពីសាធារណរដ្ឋអ៉ីស្លាមមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤។
រដ្ឋមន្រ្តីសុវត្ថិភាពសាធារណកាណាដា លោក Dominic LeBlanc បានថ្លែងក្នុងសន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា «រដ្ឋាភិបាលយើង បានសម្រេចចិត្តកត់ឈ្មោះ ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ចូលជាអង្គការភេរវករមួយ នៅក្រោមក្រមព្រហ្មទណ្ឌ»។ លោក LeBlanc បានចោទប្រកាន់លើរបបដឹកនាំអ៉ីរ៉ង់ថា ផ្តល់ការគាំទ្រដល់អំពើភេរវករ និងមិនឱ្យតម្លៃសិទ្ធិមនុស្សទាំងក្នុង និងនៅក្រៅប្រទេសអ៉ីរ៉ង់ ហើយមានឆន្ទៈបង្កអស្ថិរភាពដល់ សណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់អន្តរជាតិ។ ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសកាណាដា លោកស្រី Melanie Joy ក៏បានទទូចដល់ពលរដ្ឋកាណាដាទាំងអស់ផងដែរ កុំឱ្យធ្វើដំណើរទៅប្រទេសអ៉ីរ៉ង់ ហើយឱ្យអ្នកដែលស្ថិតនៅទីនោះ គួរវិលត្រឡប់មកវិញ។
គួរបញ្ជាក់ថា នៅក្នុងបញ្ជីខ្មៅខាងលើរបស់កាណាដា ឥឡូវនេះមានជិត៨០អង្គភាព ដែលក្រៅពីឆ្មាំបដិវត្តន៍អ៉ីរ៉ង់ គឺរួមមានក្រុមផ្សេងៗទៀត ដូចជា Al-Qaeda, Hezbollah, Taliban, ISIS, និង Proud Boys ជាដើម។ កន្លងមក ទីក្រុងអូតាវ៉ា ធ្លាប់បានកត់ឈ្មោះកង Quds Force ដែលជាអង្គភាពមួយរបស់ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ចូលបញ្ជីក្រុមភេរវករ ហើយនៅឆ្នាំ២០២២ បានចេញការហាមឃាត់ មិនឱ្យមន្រ្តីអ៉ីរ៉ង់សរុបជាង១០,០០០នាក់ ចូលក្នុងទឹកដីរបស់ខ្លួនបានឡើយ ក្នុងនោះរួមមានទាំង សមាជិករបស់ឆ្មាំបដិវត្តន៍។ ដោយឡែក ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ត្រូវបានសហរដ្ឋអាមេរិក ចាត់បញ្ចូលជាអង្គការភេរវករបរទេស កាលពីខែមេសា ឆ្នាំ២០១៩៕