(ហ្កាហ្សា)៖ សាក្សីជាច្រើននាក់ រួមទាំងក្រុមគ្រូពេទ្យប៉ាឡេស្ទីន បានឱ្យដឹងថា រថក្រោះរបស់អ៉ីស្រាអែលគាំទ្រដោយយន្តហោះចម្បាំង និងដ្រូន បានវាយលុកចូលកាន់តែជ្រៅ ទៅកាន់ផ្នែកខាងលិចនៃទីក្រុង Rafah ក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃពុធសប្តាហ៍នេះ និងបានសម្លាប់មនុស្ស ៨នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤។

បើតាមសាក្សី រថក្រោះអ៉ីស្រាអែល​​រំកិល​ចូល​ទៅ​ក្នុង​តំបន់ចំនួន ៥ នៅពាក់​កណ្តាល​អធ្រាត្រថ្ងៃពុធ (ម៉ោងក្នុងតំបន់)។ មានការ​​ផ្លោងគ្រាប់​ និង​បាញ់​កាំភ្លើង​ទៅលើ​តង់​របស់​គ្រួសារ​ជនភៀសខ្លួន​ ក្នុង​តំបន់ Al-Mawasi។ ដោយឡែក ក្រុមគ្រូពេទ្យបានប្រាប់ Reuters ថា ប្រជាជនប៉ាឡេស្ទីន ១២នាក់បានស្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាស របស់អ៉ីស្រាអែល ដែលត្រូវចំក្រុមពលរដ្ឋ និងក្រុមឈ្នួញនៅភាគខាងត្បូងតំបន់ហ្កាហ្សា។ អ្នក​រង​គ្រោះ​ គឺជាប្រជាជនដែលកំពុងរង់ចាំ​ក្បួន​រថយន្ត​ដឹកជំនួយ​​ឆ្លងកាត់តាមច្រក Kerem Shalom ចូលមកផ្លូវភាគ​ឦសាន​នៃ​ទីក្រុង Rafah។

គួរបញ្ជាក់ថា យោធាអ៉ីស្រាអែល នៅតែបន្តគ្រប់គ្រងព្រំដែនរវាងទីក្រុង Rafah និងប្រទេសអេហ្ស៉ីប។ ប៉ុន្តែ យោធាអ៉ីស្រាអែលអះអាងថា ​ជំនួយ​ចូល​ទៅ​ក្នុង​តំបន់​ហ្កាហ្សា​មិន​ត្រូវ​បាន​រារាំង​នោះ​ទេ៕