(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនានេះបានរាយការណ៍ថាកូរ៉េខាងជើង និងរុស្ស៉ីបានឯកភាពគ្នាលើការផ្ដល់ជំនួយ យោធាទាំងអស់ដែលរកបាន ប្រសិនបើភាគីណាមួយរងការឈ្លានពានដោយប្រដាប់អាវុធពីសត្រូវ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាម KCNA ការឯកភាពផ្ដល់ជំនួយយោធាឱ្យគ្នាទៅវិញទៅមកក្នុងគ្រាអាសន្នខាងលើ មានចែងនៅក្នុងកិច្ចព្រមព្រៀងមួយដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនាំ នៃប្រទេសទាំង២។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមួយនេះបន្ថែមទៀតថាប្រទេសទាំង២ នឹងមិនចុះសន្ធិសញ្ញាណាមួយជាមួយប្រទេសទី៣ ដែលបំពាន ឬបំផ្លាញដល់ ផលប្រយោជន៍របស់ភាគីម្ខាងទៀតនោះទេ ហើយក៏នឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីបំផ្លាញសន្តិសុខ និងអធិបតេយ្យរបស់ភាគីម្ខាង ទៀតនោះដែរ។

គួរបញ្ជាក់ថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបពិភាក្សាគ្នាក្នុងទីក្រុងព្យុងយ៉ាងពីថ្ងៃពុធ ទី១៩ ខែមិថុនា មុននឹងប្រកាសពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ KCNA នៅថ្ងៃព្រហស្បតិ៍នេះដែរ បានបញ្ចេញអត្ថបទទាំងស្រុងនៃ កិច្ចព្រមព្រៀង ដែលក្នុងនោះរួមបញ្ចូលទាំងកិច្ចសហប្រតិបត្តិការលើថាមពលនុយក្លេអ៊ែរ ការស្រាវជ្រាវខាងទីអវកាស ស្បៀងអាហារ និងសន្តិសុខថាមព៕