(ហាណូយ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ប្រទេសវៀតណាមហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនានេះ សម្រាប់ការបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងជួបពិភាក្សាជាមួយមេដឹកនាំនៃគណបក្សកម្មុយនិស្ដ ក្នុងដំណើរឈប់សំចតចុងក្រោយរបស់លោកក្នុងប្រទេសចំនួន២ នៅអាស៊ី បន្ទាប់ពីបានចុះសន្ធិសញ្ញាយោធាជាមួយកូរ៉េខាងជើង កាលពីថ្ងៃពុធ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យន្ដហោះរបស់លោក ពូទីន បានចុះចតនៅឯអាកាសយានដ្ឋានក្នុងទីក្រុងហាណូយ ជាទីដែលលោកត្រូវបានទទួលស្វាគមន៍នៅលើព្រំក្រហម ដោយឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Tran Hong Ha និងមន្ត្រីការទូតកំពូលរបស់បក្សកុម្មុយនិស្ដវៀតណាមលោក Le Hoai Trung។ នៅមុនទៅដល់វៀតណាម លោក ពូទីន បានសរសើរទីក្រុងហាណូយ សម្រាប់ការគាំទ្រដល់ «មធ្យោបាយ ជាក់ស្ដែងដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន»។ វៀតណាមដែលប្រកាន់យកគោលជំហរការបរទេសអព្យាក្រឹត ក្រោម «យុទ្ធសាស្ត្រការទូតដើមឫស្សី» ក្នុងទំនាក់ទំនងជាមួយមហាអំណាច បានជ្រើសរើសយកការអនុបវាទពីការថ្កោលទោសសង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន ជាជំហរមួយត្រូវបានលោកខាងលិចមើលឃើញថានៅតែជាទំនាក់ទំនងជិតស្និទ្ធពេកជាមួយរុស្ស៉ី ក្នុងពេលដែលវៀតណាម កំពុងពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

លោក Carl Thayer ជាអ្នកវិភាគម្នាក់ស្ដីពីសន្តិសុខរបស់វៀតណាម មកពីរាជបណ្ឌិតសភាយោធាអូស្ត្រាលី (Australian Defence Force Academy) ក្នុងទីក្រុងកង់បេរ៉ា បានកត់សម្គាល់ថា «ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់កូរ៉េខាងជើង និងវៀតណាម គឺមានគោលបំណងបង្ហាញថាការប៉ុនប៉នរបស់លោកខាងលិច ដើម្បីឱ្យរុស្ស៉ីឯកោ គឺមិនដំណើរការនោះទេ ហើយរុស្ស៉ី នៅតែមានដៃគូក្នុងតំបន់អាស៊ី»

គួរបញ្ជាក់ថា វៀតណាម បានក្លាយជាប្រទេសទី៣ ដែលលោក ពូទីន បានធ្វើទស្សនកិច្ច បន្ទាប់ពីចិន និងកូរ៉េខាងជើង ចាប់តាំងពីរូបលោកស្បថចូលកាន់តំណែងជាប្រធានាធិបតីរុស្ស៉ី សម្រាប់ អាណត្តិទី៥ កាលពីខែឧសភាមក។ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម លោក ពូទីន នឹងត្រូវជួបអគ្គលេខាធិការបក្សកុម្មុយនិស្ដ លោក Nguyen Phu Trong ប្រធានាធិបតី លោក To Lam និងនាយករដ្ឋមន្ត្រី លោក Pham Minh Chinh៕