(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយថា មានបញ្ហាចាក់ឫសយ៉ាងជ្រៅនៅក្នុងគោលនយោបាយ មនោគមវិជ្ជា រចនាប័ទ្មការងារ និងវិន័យរបស់យោធាចិន នេះបើតាមទូរទស្សន៍ CCTV ដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍កាលពីថ្ងៃពុធ ចំពេលមានការបោសសំអាតយោធា ដែលកំពុងបន្តប្រឆាំងនឹងអំពើពុករលួយ។
លោក ស៊ី ត្រូវបានដកស្រង់សម្តីដោយនិយាយ ក្នុងសន្និសីទការងារនយោបាយយោធាក្នុងសប្តាហ៍នេះ ក្នុងទីក្រុង Yan'an ដែលជាមូលដ្ឋានរឹងមាំរបស់បក្សកុម្មុយនិស្តចិនថា «មិនគួរមានកន្លែងសម្រាប់ធាតុពុករលួយក្នុងជួរកងទ័ព ដើម្បីលាក់ខ្លួនឡើយ»។
លោកបន្តថា «កម្មាភិបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្ត្រីជាន់ខ្ពស់ ត្រូវតែចេញមុខ ហ៊ានលះបង់កិត្តិយស និងបង្ហាញចំណុចខ្វះខាត។ ពួកគេត្រូវតែឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅ ធ្វើការកែតម្រូវដោយស្មោះ និងដោះស្រាយបញ្ហាដោយចាប់ផ្តើមពីការគិតរបស់ពួកគេ»។
គួរបញ្ជាក់ថា ការបោសសម្អាតប្រឆាំងអំពើពុករលួយដែលកំពុងបន្ត ក្នុងជួរកងទ័ពរំដោះប្រជាជន មានភាពគួរឱ្យកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះ ដោយឧត្តមសេនីយ៍ចំនួនប្រាំបួនរូប និងនាយកប្រតិបត្តិមួយចំនួន ត្រូវបានបណ្តេញចេញពីពីឧស្សាហកម្មការពារដែនអាកាស។
នៅក្នុងសុន្ទរកថាដ៏សំខាន់ទៅកាន់កម្មាភិបាលយោធា លោក ស៊ី បានលើកឡើងពីភាពស្មុគស្មាញនៃបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ដែលកំពុងប្រឈមមុខនឹងកងទ័ពរំដោះប្រជាជន (PLA) ចំពេលមានការផ្លាស់ប្តូរសំខាន់ៗនៅក្នុងសក្ដានុពលជាតិ បក្ស និងយោធា។ លោកក៏បានសន្យាថានឹងធ្វើឱ្យប្រសើរឡើង នូវវិធីសាស្រ្តក្នុងការស្វែងរក និងដោះស្រាយទម្រង់ផ្សេងៗនៃអំពើពុករលួយ រួមទាំងប្រភេទថ្មី និងប្រភេទលាក់កំបាំងផងដែរ។
សុន្ទរកថារបស់លោក ស៊ី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោក ក្នុងការពង្រឹងការត្រួតពិនិត្យកម្មាភិបាលជាន់ខ្ពស់ និងធានានូវការទទួលខុសត្រូវនៅក្នុងជួរយោធា។ សន្និសីទនៅទីក្រុង Yan'an គឺជាពេលវេលាដ៏សំខាន់មួយក្នុងការដោះស្រាយបញ្ហាទាំងនេះ ព្រោះវាស្របពេលជាមួយនឹងកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងកងទ័ពរំដោះប្រជាជនចិន និងរក្សាវិន័យចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ៕