(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីបានឱ្យដឹងថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ការធ្វើសមយុទ្ធយោធាជើងទឹកមួយ ដែលមានរយៈពេល១០ថ្ងៃ បានចាប់ផ្តើមប្រព្រឹត្តទៅ នៅតំបន់មហាសមុទ្រប៉ាស៉ីហ្វិក ព្រមទាំងនៅដែនទឹកក្បែរប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នា២០២៤។
ក្រសួងការពារជាតិរុស្ស៉ី បាននិយាយថា សមយុទ្ធយោធាខាងលើ កំពុងប្រព្រឹត្តទៅ នៅដែនទឹកនៃមហាសមុទ្រប៉ាស៉ីហ្វិក សមុទ្រជប៉ុន និងសមុទ្រ Okhotsk ហើយមានការចូលរួមពីទូកនិងនាវាសរុបប្រហែល៤០គ្រឿង ព្រមទាំងយន្តហោះ និងឧទ្ធម្ភាគចក្រប្រមាណ២០គ្រឿង។ លំហាត់សមនៃសមយុទ្ធយោធានោះ រួមមានដូចជាការហ្វឹកហាត់ ប្រតិបត្តិការប្រឆាំងនាវាមុជទឹក ការការពារក្រុមនាវា ការប្រើប្រាស់មីស៉ីលវាយប្រហាររួមគ្នា ប្រឆាំងលើក្រុមនាវារបស់សត្រូវ និង ការទប់ទល់ការវាយប្រហារពីដ្រូន ជាដើម។
ទីក្រុងមូស្គូជារឿយៗតែងធ្វើសមយុទ្ធយោធាជាប្រចាំ នៅឯតំបន់ប៉ាស៉ីហ្វិក ដើម្បីជាការបង្ហាញសាច់ដុំ នៃកងកម្លាំងជើងទឹករបស់ខ្លួន ក៏ប៉ុន្តែក្រុមលោកខាងលិច បានតាមដានសកម្មភាពនេះ ជាមួយការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងៗ ចាប់តាំងពីសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន បានផ្ទុះឡើងកាលពីឆ្នាំ២០២២មក។
គួរបញ្ជាក់ថា សមយុទ្ធយោធាថ្មីចុងក្រោយរបស់ទីក្រុងមូស្គូ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៨ ខែមិថុនា ហើយវាកើតមានស្របពេលដែល ភាពតានតឹងរវាងទីក្រុងមូស្គូ ជាមួយជប៉ុននិងកូរ៉េខាងត្បូង ក៏បានកើនឡើងផងដែរ ខណៈប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កំពុងតែស្ថិតនៅទីក្រុងព្យុងយ៉ាង ដើម្បីជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងដំណើរទស្សនកិច្ចមួយ ដែលត្រូវគេមើលឃើញថា នឹងរឹតចំណងទាក់ទងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំជិតស្និទ្ធថែមទៀត៕