(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល លោក Israel Katz បានព្រមានកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ការសម្រេចចិត្តមួយ ជុំវិញបញ្ហាជម្លោះជាមួយក្រុមហេសប៊ូលឡា នឹងមកដល់ឆាប់ៗនេះ បើទោះបីជាសហរដ្ឋអាមេរិក ព្យាយាមទប់ស្កាត់ការកើនឡើងនូវភាពតានតឹងណាមួយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ ២០២៤។

បេសកជនអាមេរិក លោក Amos Hochstein ត្រូវបានបញ្ជូនទៅកាន់ប្រទេសលីបង់ ដើម្បីព្យាយាមបន្ធូរបន្ថយកំដៅដែលកំពុងកើនឡើង នៅតាមព្រំដែនភាគខាងត្បូងលីបង់ ដោយសារតែការវាយប្រហាររបស់ក្រុមហេសប៊ូលឡា ទៅលើទីក្រុងធំទី ៣របស់អ៉ីស្រាអែល គឺ Haifa។ តាមរយៈបណ្តាញសង្គម X លោក Katz បានបង្ហោះសារមួយថា បន្ទាប់​ពី​មាន​ការ​គំរាម​កំហែង​មួយដឹកនាំដោយ​មេក្រុម លោក Sayyed Hassan Nasrallah ដើម្បី​បំផ្លាញ​កំពង់ផែ​ Haifa ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន​ចិន និង​ឥណ្ឌានោះ «យើង​ខិត​កាន់តែជិត​ដល់​ពេល​នៃ​ការ​សម្រេច​ចិត្ត​ ដើម្បីផ្លាស់​ប្តូរ​វិធីសាស្រ្តឆ្លើយតប​ចំពោះក្រុមហេសប៊ូលឡា ក៏ដូចជា​លីបង់»។ លោក Katz បានបន្ថែមថា «គ្រប់វិធីសាស្រ្តទាំងអស់ ហេសប៊ូលឡានឹងត្រូវបំផ្លាញ ហើយលីបង់ក៏ត្រូវរងគ្រោះធ្ងន់»

គួរបញ្ជាក់ថា ក្រុមហេសប៊ូលឡាគាំទ្រដោយអ៉ីរ៉ង់ បាននិងកំពុងបាញ់ផ្លោងដាក់គ្នាជាមួយអ៉ីស្រាអែល ដែលកាន់តែកើនឡើងអំឡុងសង្រ្គាមជាង ៨ខែនៅតំបន់ហ្កាហ្សា។ កាលពីសប្តាហ៍មុន ក្រុមនេះបានបាញ់រ៉ុក្កែតច្រើនគ្រាប់ និងយន្តហោះដ្រូនលើទីតាំងរបស់យោធាអ៉ីស្រាអែល ជាការឆ្លើយតបទៅនឹងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ដែលបានសម្លាប់មេបញ្ជាការម្នាក់នៃក្រុមរបស់ខ្លួន៕