(មូស្គូ)៖ ទីភ្នាក់សារព័ត៌មានរុស្ស៉ី TASS បានរាយការណ៍នៅថ្ងៃពុធ ទី១៩ ខែមិថុនានេះថារុស្ស៉ីកំពុងពិភាក្សាជាមួយប្រទេសជាដៃគូជិតស្និទ្ធរបស់ខ្លួន ពាក់ព័ន្ធនឹងការដាក់ពង្រាយមីស៊ីលរយៈ ចម្ងាយឆ្ងាយ ចំពោះមុខភាពតានតឹងជាមួយលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក។

TASS ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការស្រង់សម្ដីពីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Ryabkov។ លោក Ryabkov បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយ TASS ថាទីក្រុងមូស្គូមាន «ប្រទេសជាដៃគូជិតស្និទ្ធ» ទាំងនៅក្នុងតំបន់អាស៊ី និងអាមេរិកឡាទីន ហើយការពិភាក្សាពីស្ថានភាពសន្តិសុខគឺធ្វើឡើងដោយភាពប្រាកដប្រជា មិនមែនត្រឹមតែជាការផ្លាស់ប្ដូរ យោបល់តែប៉ុណ្ណោះទេ។ លោកបន្ថែមថាការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយកំពុងត្រូវបានលើកឡើងទៅពិភាក្សាជាមួយប្រទេសជាដៃគូមួយចំនួនរបស់រុស្ស៉ី។

គួរបញ្ជាក់ថា លោក Ryabkov មិនបានបញ្ជាក់ពីឈ្មោះប្រទេសដែលរុស្ស៉ីចង់ដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនោះឡើយ តែថាកិច្ចពិភាក្សាកំពុងធ្វើឡើងស្របទៅតាមកាតព្វកិច្ចដែល បណ្ដាប្រទេសទាំងនោះមាននៅក្រោមសន្ធិសញ្ញាអន្តរជាតិ ក្នុងនោះរួមមានទាំងសន្ធិសញ្ញាដែលរុស្ស៉ីមិនមែនជាសមាជិកផងដែរ។ កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ លោក វ្ល៉ាឌីមៀ ពូទីន ក៏បានព្រមាន ដែរថារុស្ស៉ីអាចនឹងដាក់ពង្រាយអាវុធរយៈចម្ងាយឆ្ងាយ នៅតាមបណ្ដាប្រទេសដែលជាគូសត្រូវរបស់លោកខាងលិច ជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបដែល បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធផ្ដល់ដោយលោកខាងលិច វាយប្រហារលើគោលដៅយោធាក្នុងទឹកដីរុស្ស៉ី៕